(សិង្ហបុរី)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា ការនាំចូលប្រេងរបស់ចិនពីប្រទេស រុស្ស៊ីបានកើនឡើង ២២ភាគរយនៅក្នុងខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែនៅ មានកម្រិតទាបជាងការនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលក្រុមហ៊ុនចម្រាញ់ឯករាជ្យបាន ទិញប្រេងឥន្ធនៈរុស្ស៊ីក្នុងតម្លៃទាបបន្ថែមទៀត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនកាលពីថ្ងៃចន្ទថា ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី រួមទាំងប្រេងដែលបូមតាមបំពង់បង្ហូរប្រេងនៅ មហាសមុទ្រស៊ីបេរីប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុប ៧,៤៥លានតោន។
បរិមាណនេះស្មើនឹង ១,៨២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលបានថយចុះពី ១,៩៦លានបា រ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា និងធៀបទៅនឹងកម្រិតខ្ពស់បំផុតជិត ២លានបារ៉ែលក្នុងខែឧសភា។
ការនាំចូលប្រេងឆៅពីប្រទេសផ្គត់ផ្គង់កំពូលអារ៉ាប៊ីសាអូឌីតបានកើនឡើងដល់ ៧,៥៣លានតោន ឬ ១,៨៣លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងខែសីហាដែលមាន ១,៩៩លានបារ៉ែលក្នុងមួយថ្ងៃ និងទាប ជាង ៥,៤ភាគរយធៀបនឹងបរិមាណដែលបាននាំចូលក្នុងខែកញ្ញាកាលពីឆ្នាំមុន។
ក្នុងរយៈពេលប្រាំបួនខែដំបូងនេះអារ៉ាប៊ីសាអូឌីតបានកាន់កាប់តំណែងកំពូលជាមួយនឹងការលក់ប្រេងចំនួន ៦៥,៨៤លានតោនទៅឱ្យប្រទេសចិន ពោលគឺធ្លាក់ចុះ ១ភាគរយធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ បរិមាណរបស់រុស្ស៊ីដែលនាំចេញទៅចិនបានកើនឡើងជិត ៩ភាគរយដល់ ៦៤,២៦ លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕