រុស្ស៉ី ព្រមាន UN កុំឱ្យស៉ើបអង្កេតពាក់ព័ន្ធនឹងការប្រើយន្តហោះដ្រូនអ៉ីរ៉ង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន


(យូអិន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ គឺ រុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានអង្គការសហប្រជាជាតិ (UN) កុំឲ្យ ស៊ើបអង្កេតលើការវាយប្រហារដោយប្រើយន្តហោះដ្រូនផលិតដោយ អ៉ីរ៉ង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈសហភាពអឺរ៉ុបកំពុងរៀបចំទណ្ឌកម្មថ្មី។

សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបិទទ្វារមួយ ស្តីពីការលក់យន្តហោះដ្រូនទៅឲ្យរុស្ស៊ី ដែលបានរំលោភ លើការរឹតបន្តឹងអាវុធរបស់ UN លើ ប្រទេសអ៊ីរ៉ង់។ ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានអះអាងថា ពួកគេមានភស្តុតាងដែល បញ្ជាក់ថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូន Shahed-136 ដែលមានតម្លៃទាប ហើយត្រូវបានយក ទៅប្រើក្នុងការវាយប្រហាររដ្ឋធានីកៀវ ក៏ដូចជាបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន ផងដែរ។

ប៉ុន្តែ មន្ត្រីទូតរុស្ស៉ី លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បាននិយាយថាយន្ដហោះដ្រូន ដែលរុស្ស៉ីប្រើនៅអ៊ុយក្រែន ត្រូវបានផលិតនៅក្នុង ប្រទេសរុស្ស៉ី។ លោក ប៉ូលីយ៉ាន់ស្គី បានគូស បញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឱ្យផ្ដល់អនុសាសន៍ឱ្យអ្នកទាំងអស់គ្នាកុំមើលស្រាលសមត្ថភាពបច្ចេកវិទ្យា នៃឧស្សាហកម្មយន្ដហោះដ្រូនរុស្ស៉ី…ដូច្នេះប្រសិនបើអគ្គលេខាធិការ UN លោក Antonio Guterres សម្រេចចិត្ត បើកការស៊ើបអង្កេត នោះយើងនឹងវាយតម្លៃ ឡើងវិញពីកិច្ចសហប្រតិបត្តិការរបស់ពួក យើងជាមួយពួកគេ ដែលអាចនឹងធ្វើឱ្យគ្រប់គ្នាខាតប្រយោជន៍»

សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងអនុម័តកញ្ចប់ទណ្ឌកម្មប្រឆាំងលើអ្នកដែលមានជាប់ពាក់ព័ន្ធ នឹងករណីយន្តហោះដ្រូននេះ នៅមុនពេលកិច្ចប្រជុំកំពូល នៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍​នេះ៕