សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោតរួចរាល់ហើយ

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

សង្គ្រាមមិនត្រឹមតែបង្កើតវិនាសកម្ម និងការហិនហោចជាតិកម្ពុជាប៉ុណ្ណោះ តែក៏បានធ្វើឱ្យសម្តេច តេជោ ហ៊ុន សែន ប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនខុសអស់រយៈពេលជាង៥០ឆ្នាំផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុង ឯកសារផ្សេងៗ ចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវ របស់សម្តេច នរោត្តម សីហនុ។ រីឯឆ្នាំកំណើត ឆ្នាំ១៩៥១ គឺជាឆ្នាំដែលអ្នកវាយអង្គុលីលេខវាយ ខុស។ ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃ ខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំង អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រី អត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្ត សញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន៕