(កង់បេរ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ ២០២២បញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយថារដ្ឋាភិបាលរបស់លោកអាចនឹងពិចារណាផ្ដល់ ការបណ្ដុះបណ្ដាលផ្នែកយោធាដល់ កងកម្លាំងអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៉ី។
លោក អាល់បានីស ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេន ស្គី ពីការចូលរួមចំណែកបន្ថែមរបស់អូស្រ្តាលី ដើម្បីជួយអ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងប្រាប់ទូរទស្សន៍ Channel 7 លោក អាល់បានីស បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងកំពុងពិចារណាលើការផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងយោធាអ៊ុយក្រែន ហើយខ្ញុំក៏ បានចូលរួមរំលែកទុក្ខដោយតំណាងឱ្យប្រជាជនអូស្ត្រាលី ជាមួយលោក ហ្សេលេនស្គីផងដែរ ចំពោះ ជនរងគ្រោះដែលបានស្លាប់នៅក្នុងបាញ់ស្រោច មីស៊ីលលើទីតាំងជនស៊ីវិល ក្នុងនោះរួមមានទាំង នៅក្នុងទីក្រុងកៀវ…»។នាយករដ្ឋមន្ត្រីអូស្រ្តាលីរូបនេះក៏បានចាត់ទុកផងដែរថាការវាយប្រហាររបស់រុស្ស៉ី គឺជាទង្វើដ៏សាហាវឃោរឃៅ៕