(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC នៅព្រឹកថ្ងៃទី១២ ខែតុលានេះ បានអនុញ្ញាតឲ្យអ្នកជំនាញ ការចិន ជួបសម្ដែងការគួរសម និងបានពិភាក្សាការងារនៅទីស្នាក់ការ NOCC ដើម្បីជួយបច្ចេកទេស និងការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ជំនួបរវាង ឯកឧត្តម រដ្ឋមន្ដ្រី ថោង ខុន និងអ្នកជំនាញ ការចិនខាងលើទទួលបាននូវភាពវិជ្ជមានជាច្រើន លើកិច្ចសហប្រតិបត្តិការ ដើម្បីជួយផ្នែកបច្ចេក ទេស និងការរៀបចំពិធីបើក-បិទ ពិសេសភាគីចិន បានអះអាងនឹងជួយបន្ថែមនូវបច្ចេកវិទ្យាខ្ពស់ ចុងក្រោយ ដើម្បីជំរុញឲ្យពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ទទួលបាននូវភាព អស្ចារ្យ និងស័ក្ដិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា សម្រាប់ពិធីបើកផ្លូវការនៃព្រឹត្តិការណ៍ស៊ី ហ្គេម លើកទី៣២ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកការប្រកួតនាថ្ងៃទី០៣ និងបិទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕