អ៊ុយក្រែន ប្ដេជ្ញាពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្រោយការបាញ់ស្រោចមីស៊ីលពីរុស្ស៉ី

 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ អោយដឹងថា​ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្ដេជ្ញាថានឹង ពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៉ីបាញ់ ស្រោចមីស៊ីលទ្រង់ទ្រាយធំមិន ធ្លាប់មាន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក លើទីក្រុងកៀវ រួមទាំងទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេស អ៊ុយក្រែន។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូ​បនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីពង្រឹង កងកម្លាំងរបស់យើង ហើយយើងនឹងធ្វើឱ្យសត្រូវរបស់យើងរងការឈឺចាប់កាន់តែខ្លាំង»។ លោក ហ្សេលេនស្គី បន្ថែមថាការការពារដែនអាកាស គឺជាអទិភាពទី១ នៅក្នុងកិច្ចសហប្រតិបត្តិ្តការយោ ធារវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់ អ៊ុយក្រែន ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៤នាក់ និង ៩៧នាក់រងរបួស។ រីឯលោក ពូទីន បានអះអាងថានេះជាការសងសឹកទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងតំបន់គ្រីមៀដែល លោកផ្ទាល់ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញនេះ៕