UNICEF លើកឡើងថា មនុស្សជាង ១លាននាក់ហើយ ត្រូវបានបង្ខំឲ្យភៀសខ្លួនដោយសារសង្គ្រាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន

 (រ៉ង់ហ្គោន)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ​​​ UNICEF បាន​និយាយ​ថា មនុស្ស​ជាង​មួយ​លាន​នាក់​ហើយ ​បាន​ភៀស​ខ្លួន​ក្នុងប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​កាលពី​ឆ្នាំ​មុន។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំមុន ដែលបង្កឱ្យមានការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។

របបយោធាបានឆ្លើយតបជាមួយនឹងការបង្រ្កាបមួយ ដែលក្រុមសិទ្ធិមនុស្សនិយាយថា មានទាំងការ បំផ្លាញភូមិ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការវាយប្រហារតាមអាកាសលើជនស៊ីវិលទៀតផង។

អង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចាប់តាំងពីរដ្ឋ ប្រហារ ដោយគិតត្រឹមខែមុន មានមនុស្សចំនួន ១,០១៧,០០០នាក់ បានផ្លាស់ទីលំនៅពីខាងក្នុង ប្រទេស។ ទីភ្នាក់ងារនេះបានបន្ថែមថា ជាងពាក់កណ្តាលនៃអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួន គឺ ស្ថិតនៅក្នុងតំបន់ Sagaing ភាគពាយ័ព្យរបស់ប្រទេស ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្លាបំផុត៕