រដ្ឋមន្ដ្រី ជា វ៉ាន់ដេត ជំរុញឲ្យភាគីពាក់ព័ន្ធ អនុវត្តនូវកិច្ចការចាំបាច់មួយចំនួន សំដៅអភិវឌ្ឍវិស័យ ប្រៃសណីយ៍ ស្របតាមគោលនយោបាយ


 (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០២២នេះ បានជំរុញ និងលើកទឹកចិត្ត ឲ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តនូវកិច្ចការចាំបាច់ នានាមួយចំនួន សំដៅអភិវឌ្ឍវិស័យប្រៃសណីយ៍ ស្របតាមគោលនយោបាយ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីអប អរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២២ វេទិកាប្រៃសណីយ៍លើកទី១ និងពិព័រណ៍សេវា ប្រៃសណីយ៍ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា លោកសូមយកឱកាសនេះ ដើម្បីជំរុញ និងលើកទឹកចិត្ត ឲ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តនូវកិច្ចការ ចាំបាច់នានា សំដៅអភិវឌ្ឍវិស័យប្រៃស ណីយ៍ ស្របតាមគោលនយោបាយ ដូចខាងក្រោម៖

ទី១៖ ចូលរួមរៀបចំផែនការសកម្មភាពលម្អិត ឲ្យបានចប់សព្វគ្រប់ សម្រាប់អនុវត្តជាក់ស្តែងក្នុង រយៈពេលពី ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ យោងតាមតារាងសកម្មភាពអាទិភាពដែលមានបង្ហាញ ក្នុងឧបសម្ព័ន្ធនៃគោលយោបាយ។

ទី២៖ សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវបណ្តាសកម្មភាពក្រោមយុទ្ធសាស្រ្ត នីមួយៗ ក្រោមការសម្របសម្រួលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ពី ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

ទី៣៖ អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីលើក កម្ពស់ គុណភាពសេវាប្រៃសណីយ៍ និងការពារអ្នកប្រើប្រាស់ ក៏ដូចជាការគ្រប់គ្រងការអភិវឌ្ឍវិស័យ ប្រៃសណីយ៍ទាំងមូល។

ទី៤៖ ធ្វើបរិវត្តកម្មឌីជីថលក្នុងខ្សែច្រវាក់ផលិតកម្ម និងការផ្តល់សេវាប្រៃសណីយ៍ និងជំរុញការស្រាវ ជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍។

ទី៥​៖ ចាប់យកកាលានុវត្តភាពនៃការរីកចម្រើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងស្រុក និង ឆ្លងកាត់ព្រំដែន ដោយផ្តោតលើការលើកកម្ពស់គុណភាព និងភាពជឿទុកចិត្ត នៃការផ្តល់សេវា បញ្ញើប្រៃសណីយ៍។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្តល់សេវាបញ្ញើប្រៃសណីយ៍ គឺជាកម្លាំងដែលជំរុញគ្នាទៅវិញទៅមក។

ខណៈដែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជំរុញការអភិវឌ្ឍទីផ្សារសេវាបញ្ញើប្រៃសណីយ៍នេះ, ការធ្វើឲ្យប្រសើរឡើងនៃការផ្តល់សេវាបញ្ញើប្រៃសណីយ៍ រួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ កំណើន នៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការទាក់ទាញវិនិយោគលើផ្នែកនេះ។

ទី៦៖ តាមដានសេចក្តីសម្រេច និងយុទ្ធសាស្រ្តថ្មីៗ របស់សហភាពប្រៃសណីយ៍សកល ដើម្បីរៀប ចំការ អនុវត្តស្របទៅតាមបរិបទនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត បានលើកឡើងថា វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថា មាន សក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជននៅកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ទាំងនៅទីក្រុង និងជន បទ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យ នេះ ប្រកបដោយចីរភាព និងគ្របដណ្តប់ជាសកល គឺជាប្រធានបទ មួយដែលត្រូវបានផ្តោតការយក ចិត្តទុកដាក់ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងក្របខណ្ឌ តំបន់ និង អន្តរជាតិផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានការអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត តភ្ជាប់ក្នុងប្រទេសនៅគ្រប់ទីកន្លែង ពីទីក្រុងដល់ជនបទ ដែលអាចជួយបង្ក លក្ខណៈ ងាយស្រួលដល់ការផ្តល់សេវាដឹកជញ្ជូនបញ្ញើកាន់តែមានប្រសិទ្ធភាព៕