រដ្ឋមន្រ្តី វង សូត លើឡើង មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គ្រោងដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗនេះ


 (កណ្តាល)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យសំណង់អគារនានា និងហេដ្ឋារចនា សម្ព័ន្ធ របស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសំណេះ សំណាលសួរសុខទុក្ខជាមួយមន្រ្តីកំពុងបម្រើការងារនៅមណ្ឌលថែទាំ និងស្តារនីតិសម្បទាជន វិបល្លាសស្មារតី មណ្ឌលយុវនីតិសម្បទា មណ្ឌលកុមារកំព្រា ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។

មជ្ឈមណ្ឌលនេះ អាចទទួលជនរងគ្រោះប្រមាណ ១០០០នាក់ មកទទួលសេវាព្យាបាល អប់រំ និងបន្សាបគ្រឿងញៀន និងគ្រោងដាក់សម្ពោធឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ រដ្ឋមន្រ្តី វង សូត ក៏ពិនិត្យលទ្ធភាពដើម្បីសាងសង់ហេដ្ឋារចនា សម្ព័ន្ធមួយចំនួន នៅមណ្ឌលកុមារកំព្រាមិត្តភាព កម្ពុជា-បារាំង-ហុងគ្រី ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្រ្តីកំពុងបម្រើការងារនៅទីនេះ ក៏ដូចជា ចុះពិនិត្យមើលទីតាំងដីដែលក្រសួងគ្រោងរៀបចំសាង សង់មណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ សម្រាប់ទទួលពលករចំណាកស្រុក និងជនរង គ្រោះ និងងាយរងគ្រោះ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាននូវការបម្រើសេវា អប់រំប្រឹក្សាយោ បល់ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅសហគមន៍វីញ ឲ្យកាន់តែ ប្រសើរថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់ ឡើងលើផ្ទៃដី ១៩,៨០០ ម៉ែត្រការ៉េ ដោយក្នុងនោះ រួមមាន៖ អគាររដ្ឋបាល ១ខ្នង (ទំហំ ១៩ម៉ែត្រ គុណ៣៦ម៉ែត្រ ), អគាររងចាំ និងឃ្លាំង ១ខ្នង (ទំហំ ២០ម៉្រែតគុណ ៣០ម៉្រែត ), អគារម៉ាស៊ីនបូម ទឹក ១ខ្នង (ទំហំ ៤ម៉្រែត គុណ៨ម៉្រែត ) អាងស្តុកទឹក ៣៦ម៉ែត្រគូប និងបាសាំងទឹកធំ ១៩០ម៉ែត្រ គូប, អគារស្តារនីតិសម្បទា ៤ខ្នង (ទំហំ ១៦ម៉្រែតគុណ៣៥ម៉្រែត ) ដោយក្នុង១ខ្នង មាន៧បន្ទប់ និងបន្ទប់ទឹកខាងក្នុងតាមបន្ទប់នីមួយៗ, អគារផ្ទះបាយ ១ខ្នង (ទំហំ ១៥ម៉្រែតគុណ ៣៥ម៉្រែត ), អគាររោងជាង ១ខ្នង (ទំហំ ១០ម៉្រែតគុណ៣០ម៉្រែត ), អគារស្នាក់នៅរបស់មន្រ្តី ១ខ្នង (ទំហំ ១២ ម៉្រែតគុណ ២៩ម៉្រែត ) មាន ៦បន្ទប់ និងតារាងបាល់ (បាល់ទះ និងបាល់ទាត់),របង ក្លោងទ្វារ និងបំពាក់នូវបរិក្ខាបច្ចេកទេស សង្ហារឹម សម្រាប់មន្រ្តីដែលនឹងត្រូវមកបំពេញការងារនៅទីនេះ៕