ទាហានអាល្លឺម៉ង់បន្ថែម ទៅដល់លីទុយអានីហើយ ដើម្បីចូលរួមការពារសន្តិសុខតំបន់បាល់ទិក


 (វីលនីញូស)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ទាហានអាល្លឺម៉ង់ប្រមាណ ១០០នាក់ បានទៅដល់ប្រទេសលីទុយ អានីហើយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីទីក្រុង បែរឡាំង បានសន្យាថានឹង ពង្រឹងវត្តមានរបស់ខ្លួន ក្នុងតំបន់អឺរ៉ុបប៉ែកខាងកើតរបស់អង្គការណាតូ (NATO) ក្រោយពេល សង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។

ទាហានអាល្លឺម៉ង់ខាងលើ ចុះពីកប៉ាល់មួយគ្រឿងក្នុងទីក្រុងកំពង់ផែក្លៃផេដា (Klaipeda) ពួកគេ នឹងត្រូវចូលរួមក្នុងអង្គភាពបញ្ជាការនៃកងពលតូចថ្មីមួយ ដែលមានទាហានប្រហែល ៤,០០០ នាក់។ លោក គ្រីស្ទៀន ណៅរ៉េត (Christian Nawrat) មេបញ្ជាការកងពលតូច បានគូសបញ្ជាក់ ថា «សាររបស់ យើងទៅកាន់សម្ព័ន្ធមិត្តនៅផ្នែកខាងកើតនាពេលនេះ គឺការប្តេជ្ញាធានាសន្តិសុខ»។ មេបញ្ជាការអាល្លឺម៉ងរូបនេះបន្ថែមថា « អង្គភាពរបស់យើងនឹងស្ថិត នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសនៃ តំបន់បាល់ទិកមួយនេះ ខណៈកងកម្លាំងរបស់យើងនឹងចូលរួមជាមួយលីទុយអានី សម្រាប់ការធ្វើ សមយុទ្ធរួមគ្នាផងដែរ»

គួរបញ្ជាក់ថា អាល្លឺម៉ង់ មានទាហានប្រហែល ១,៥០០នាក់ រួចហើយនៅលើទឹកដីរបស់លីទុយអានី ។ អតីតរដ្ឋបាល់ទិក ដែលគ្រប់គ្រងដោយសូវៀត មានអេស្តូនី ឡេតូនី និងលីទុយអានី ដែលឥឡូវ នេះជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ និងកំពុងមានការព្រួយបារម្ភថាពួកគេអាចនឹង ក្លាយជាប្រទេសបន្ទាប់ ប្រសិនបើរុស្ស៊ីយកឈ្នះអ៊ុយក្រែន៕