អាមេរិក ៖ បន្ទាប់ពីជម្លោះជិតពីរឆ្នាំរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ពេលនេះសហរដ្ឋអាមេរិក និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដើម្បីឲ្យសេដ្ឋកិច្ចនៅជុំវិញពិភពលោកមានដង្ហើមឡើងវិញ។ នេះបើយោងតាមប្រភពពី CNA ។
កិច្ចព្រមព្រៀងនេះត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងតំណាងរដ្ឋាភិបាលចិនលោក លីវ ហ៊ី (Liu He) ធ្វើការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការកាលពីម្សិលមិញ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)
កិច្ចព្រមព្រៀងនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការផ្តល់ផលប្រយោជន៍ដល់លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមនឹងការចោទប្រកាន់ដើម្បីដកតំណែងប្រធានាធិបតី និងការតស៊ូដ៏ស្វិតស្វាញរបស់លោកសម្រាប់ការបោះឆ្នោតអាណត្តិថ្មីនៅចុងឆ្នាំនេះ។
ចំណែកលោក លីវ ហ៊ី បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងការពារសន្តិភាព ព្រមទាំងវិបុលភាពរបស់សកលលោក។ ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ ព្រមទាំងការបើកទូលាយបន្ថែមទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានសារៈសំខាន់ទាំងទៅលើផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយវាពិតជាឆ្លើយតបទៅនឹងក្តីកង្វល់នៃភាគីទាំងពីរ៕