តៃវ៉ាន់ស្នើកញ្ចប់ថវិកាការពារជាតិធំជាងមុន ១៤ភាគរយ សម្រាប់ឆ្នាំ២០២៣ ចំពោះមុខភាពតាន តឹងជាមួយចិន

 (តៃប៉ិ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់បានស្នើកញ្ចប់ថវិកាវិស័យការពារជាតិ ទំហំ១៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ខណៈវាគឺជាកំណើនជិត ១៤ភាគរយ បើធៀបទៅ នឹងឆ្នាំ២០២២ ហើយក្នុងនោះរួមមានទាំងការចំណាយសម្រាប់ យន្តហោះចម្បាំងថ្មីៗផងដែរ។

កញ្ចប់ថវិកាការពារជាតិ ដែលគណៈរដ្ឋមន្រ្តីរបស់ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីនវិន (Tsai Ing-wen) បានស្នើឡើងសម្រាប់ឆ្នាំក្រោយ គឺទំហំ៥៨៦.១ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹង១៩.៤១ ពាន់លានដុល្លារអាមេរិក ដែលជាកំណើនប្រចាំឆ្នាំ ១៣.៩ភាគរយ ធៀបនឹងឆ្នាំមុន។ នៅក្នុងនោះ រួមមានទាំងការបែងចែកថវិកា ១០៨.៣លានដុល្លារតៃវ៉ាន់ (៣.៦ពាន់លានដុល្លារអាមេរិក) ដើម្បី យកទៅចំណាយលើយន្តហោះចម្បាំង និងគ្រឿងបរិក្ខារដទៃទៀត ក៏ដូចជាកញ្ចប់ថវិកាពិសេស សម្រាប់ក្រសួងការពារជាតិ។

សំណើកញ្ចប់ថវិកាការពារជាតិខាងលើ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន គឺនឹងត្រូវឆ្លងកាត់ការ អនុម័តរបស់សភាកោះតៃវ៉ាន់ ហើយវាគឺជាការកើនឡើង៦ឆ្នាំជាប់ៗគ្នា នៃការចំណាយរបស់តៃវ៉ាន់ ទៅលើវិស័យយោធា ចាប់តាំងតែពីឆ្នាំ២០១៧មក។ ក៏ប៉ុន្តែ កំណើនក្នុងអត្រាលេខពីរខ្ទង់ សម្រាប់ ឆ្នាំ២០២៣ គឺជាកំណើនយ៉ាងធំមួយ ធៀបនឹងឆ្នាំកន្លងៗមក ដែលបានកើនក្នុងអត្រាក្រោម ៤ភាគ រយប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៧៕