មេប៉ូលិសជាតិជប៉ុន ប្រកាសចង់លាលែងពីមុខតំណែង ដើម្បីជាការទទួលខុសត្រូវចំពោះ ករណី ឃាតកម្មលោក អាបេ

(តូក្យូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រមុខទីភ្នាក់ងារប៉ូលិសជាតិនៃប្រទេសជប៉ុន លោក ណាកាមូរ៉ា អ៊ីតារូ (Nakamura Itaru) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកចង់សុំលា លែងពីតំណែង ដើម្បីជាការទទួលខុស ត្រូវសម្រាប់ ករណីឃាតកម្មបាញ់សម្លាប់លើ អតីតនាយក រដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ (Abe Shinzo) កាលពីខែកក្កដា កន្លងទៅ។

ក្រុមអ្នកជំនាញបានលើកឡើងថា ការរក្សាសន្តិសុខកំលុងពេលដែលលោក អាបេ ត្រូវបានគេ បាញ់ប្រហារនៅទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា គឺមិន មានភាពរឹងមាំសោះឡើយ។ បើតាមអ្នកជំនាញផ្នែកសន្តិសុខចំនួន៨នាក់ ដែលបានពិនិត្យមើល ឃ្លីបវីដេអូជាក់ស្តែងនៃហេតុការណ៍នោះ គឺក្រុមអង្គរក្សតាមពិត មានឱកាសអាចជួយការពារលោក អេបេ បាន តាមរយៈការរត់ទៅពាំង ឬចាប់ប្រដួលលោកទៅលើដី នៅក្នុងគម្លាតរយៈពេល២.៥វិនាទី រវាងការបាញ់លើកទី១ ដែលខុស ហើយនិងការបាញ់លើកទី២ ដែលត្រូវចំលោកអតីតនាយករដ្ឋ មន្រ្តីជប៉ុន។

គួរបញ្ជាក់ថា ក្រោយពេលកើតហេតុ មន្រ្តីជប៉ុនជាច្រើនរូប រួមទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ៊្វូមីអុ (Kishida Fumio) ក៏បានទទួលផងដែរ ពីភាពចន្លោះប្រហោងក្នុងការការពារ សន្តិសុខ ចំពោះវត្តមានរបស់លោក អាបេ ដែលជាអតីតមេដឹកនាំមួយទាំងមូល កំលុងព្រឹត្តិការណ៍ ឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន៕