មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន និយាយថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជា រីកចម្រើនយ៉ាងឆាប់រហ័ស ហើយចំណងមិត្តភាព សាមគ្គីភាពនៃកិច្ចសហប្រតិការជាមួយចិន កាន់ តែទទួលបានផ្លែផ្កា

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាង ឆាប់រហ័ស ជាពិសេសធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមរវាកម្ពុជា-ចិន កាន់តែទទួលបានផ្លែផ្កា។

ការកោតសសើរបែបនេះ ពីសំណាក់គណបក្សបក្សកុម្មនិស្តចិន បានធ្វើឡើងក្នុងឱកាសសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាត ឲ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេស នៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

បើតាមលោក កែម សម្បត្តិ អនុប្រធានគណៈកម្មការទំនាក់ទំនងការបរទេស នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងទំនួបនោះ លោក លីវ ជានចាវ បានជម្រាបសម្តេចវិបុលសេនាភក្តី សាយ ឈុំ ពីស្ថានភាពខុសប្លែកគ្នារបស់កម្ពុជា កាល ពីឆ្នាំ២០០៤ ក្នុងពេលដែលលោកមកដល់ប្រទេសកម្ពុជាជាលើកដំបូង និងពេលបច្ចុប្បន្ន ដោយ បានឃើញពីការរីកចម្រើនរបស់កម្ពុជាឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែត្រូវ លើកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសការកិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ។

លោក កែម សម្បត្តិ បានបន្ថែមថា «ប្រធានគណៈប្រតិភូអបអសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេលកន្លងទៅ ហើយក៏បានប្ដេជ្ញាគាំទ្រការដឹកនាំយ៉ាងត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន តទៅមុខអង្វែងទៀត ដើម្បីចំណងមិត្តភាព សាមគ្គីភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ និងការកសាងជោគវាសនារួមរវាកម្ពុជា-ចិន កាន់តែទទួលផលបានផ្លែផ្កាទៅថ្ងៃអនាគត»។

លោក លីវ ជានចាវ បានបញ្ជាក់ថា «ទោះបីជាស្ថិតនៅក្នុងបរិបទនៃសភាពការណ៍ពិភពលោកប្រែ ប្រួលស្មុគស្មាញ មានការវិវត្តន៍ ទៅប្រកដដោយគ្រោះថ្នាក់យ៉ាងណាក្តី ក៏ទំនាក់ទំនងទ្វេភាគីរវាង រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ជាលំដាប់ ហើយទំនាក់ ទំនងនេះ និងក្លាយទៅជាមរតកដល់ល្អ សម្រាប់អ្នកបន្តវេនទៅថ្ងៃអនាគត»

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមអបអរសាទរចំពោះលោក លីវ ជានចាវ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីឧសភាកន្លងទៅ សម្តេចនឹងសហការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីបន្តពង្រឹង និងពង្រីក នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលគណបក្សទាំងពីរបានប្រគល់ជូន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា នៅឆ្នាំ២០២៣ គឺជាឆ្នាំគម្រប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ធ្វើការជិត ស្និទ្ធជាមួយមិត្តចិន ក្នុងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះ។

សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន ដែលបានផ្ញើ សារអរបអរសាទរ ជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧១ឆ្នាំ ថ្ងៃបង្កើត គណបក្ស និងជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងមកនេះ។ ជោគជ័យនៃការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជានៅតែត្រូវការតួនាទី ដឹកនាំសង្គមរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបង្ហាញការសប្បាយរីករាយ ដែលបានឃើញ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ឈានដល់កម្រិតមិត្តភាពដែកថែប ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាង សហគមជោគវាសនារួមកម្ពុជា-ចិន។ ទោះបីក្នុងបរិបទកូវីដ១៩ និងបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោកក៏ដោយកម្ពុជា-ចិននៅតែឈររឹងមាំជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប្រការនេះបានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការ ជាបន្តបន្ទាប់រវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងព្រឹត្តិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រសិទ្ធនាម ថា «ជាវីរបុរសសង្ហាដើរបញ្ច្រាសទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់បាន ពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីគណបក្ស រដ្ឋាភិបាល និងប្រជា ជនចិនបានឡើយ។ ជំនួយគាំទ្ររបស់ចិន មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ គឺបាន ជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង៕