(ត្បូងឃ្មុំ)៖ រយៈពេល០៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តត្បូងឃ្មុំ បានចុះ អនុវត្តន៍ត្រួតពិនិត្យ ធ្វើតេស្តរកឃើញ ធ្វើការប្រមូលដកហូតទំនិញក្លែងក្លាយ ខូចគុណភាព ហួស កាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី សរុប៤,១៤៤ គីឡូក្រាម ដែលដាក់តាំងលក់ នៅតាមផ្ទះ ហាងទំនើប និងទីផ្សារនានានៅទូទាំងខេត្តត្បូងឃ្មុំ។
ក្រោយប្រមូលដកហូតបាន ទំនិញខូចគុណភាពទាំងនេះ ដោយយោងតាមគោលការណ៍អនុញ្ញាត ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ត្រូវបាន ធ្វើពិធីដុតកម្ទេចចោលនៅបរិវេណខាងក្រោយមន្ទីរក.ប.ប ខេត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សកម្មភាពដុតកម្ទេចចោលនេះ ធ្វើឡើងដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយសាលាដំបូងខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត រួមជាមួយរដ្ឋបាល បណ្តាក្រុង/ស្រុកទាំង ៧ ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។
បើតាមលោក សាន វិជ្ជាសារ៉ាវុធ ប្រធាន សាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាផលិតផល ម្ហូបអាហារខូចគុណភាពទាំងនេះគឺមាន ភេសជ្ជៈទឹកក្រូច ប៊ីយែរ នំកញ្ចប់ ជាដើម ដែលធ្វើឲ្យមាន ផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។
ជាមួយគ្នានោះ លោកប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់ទំនិញនានាលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យ បានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងមានលាយលំសារធាតុគីមី ធ្វើឱ្យបងប្អូនអ្នកប្រើប្រាស់ ទទួលរងប៉ះពាល់សុខភាព ទៅថ្ងៃក្រោយ។
ជាងនេះទៀត អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើ ឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមទទួលទោសចំ ពោះមុខច្បាប់ជាធរមាន៕