ប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ប្រសិនបើមាន «តម្លាភាព»


 (សៅប៉ូឡូ)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែ សីហា ឆ្នាំ២០២២ គឺ ប្រធានាធិបតីប្រេស៉ីល លោក ហ្ស៊ែរ បុលសូណារ៉ូ (Jair Bolsonaro) បាន​និយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកនឹងទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតនាខែតុលាខាង មុខនេះ ដោយមិនគិតពីលទ្ធផលឈ្នះ ឬចាញ់នោះទេ ប្រសិនបើការបោះឆ្នោតប្រព្រឹត្តិទៅដោយ « ស្មោះត្រង់ និងតម្លាភាព»

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប្រេស៉ីល Globo អ្នកនយោបាយស្តាំនិយមរូបនេះបានលើកឡើង ដោយមិនបានបង្ហាញភស្តុតាងថាមានការក្លែងបន្លំ នៅក្នុងការបោះឆ្នោតប្រេស៊ីល កន្លងមក ជា ពិសេសតាមរយៈការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកដែលលោកផ្ទាល់ចោទថាជាកត្តាមួយជំរុញឱ្យមាន ការលួចបន្លំសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ លោកក៏បានសង្កត់ធ្ងន់ដែរថាយោធាគួរតែមាន តួនាទីក្នុងការសម្រេចនូវតម្លាភាពនៃការបោះឆ្នោត។

គួរបញ្ជាក់ថា តាមការស្ទង់មតិមួយបង្ហាញថា លោក Bolsonaro កំពុងតាមពីក្រោយក្នុងការប្រណាំង ប្រជែងតំណែងជាប្រធានាធិបតី ជាមួយគូប្រជែង របស់លោកមកពីក្រុមឆ្វេងនិយម គឺអតីតប្រធានា ធិបតី លោក ល្វិស អ៊ីណាត្យូ លូឡា ដា សីលវ៉ា (Luiz Inacio Lula da Silva) ដែលធ្លាប់ដឹកនាំ ប្រទេសប្រេស៊ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ ជាពេលដែលសេដ្ឋកិច្ចរបស់ប្រេស៊ីលកំពុងមាន ការរីកចម្រើន៕