អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤ពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវបរទេស ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ។
ការងារនេះត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម អភិបាល អភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏បានផ្តោតសំខាន់លើការកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ការ បង្ក្រាបបទល្មើស ល្បែងស៊ីសង គ្រឿងស្រវឹង គ្រឿងញៀនខុសច្បាប់ ជាពិសេសកិច្ចការការពារសន្ដិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានណែនាំឲ្យ អាជ្ញាធរគ្រប់ខណ្ឌ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀនដែលជាបញ្ហាដ៏ធំដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។
លោក បញ្ជាក់ថា បញ្ហាល្បែងស៊ីសង គឺជាដើមចមដែលបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នា បង្ក្រាបនិងទប់ស្កាត់ ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យល្បែងស៊ីសង ថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងតែម្តង៕