សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បារម្ភពីការធ្លាក់ចុះ នៃការបញ្ជាទិញពីអឺរ៉ុបនៅឆមាសទី២

 (ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសំដែងក្តីបារម្ភអំពីការធ្លាក់ចុះការ បញ្ជាទិញ ពីបណ្តាប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ចម្បងរបស់កម្ពុជា បន្ទាប់ពីសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានរាយការណ៍អំពីការធ្លាក់ចុះនិងការ កែប្រែនៅក្នុងកិច្ចសន្យាបញ្ជាទិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ ដេរ នៅកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានលើកឡើងថា បរិយាកាស សកលដែលមិនស្ថិរភាព និងភាពទំនងកាន់តែខ្លាំងឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងបណ្តា ប្រទេស លោកខាងលិច ដែលមានអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួន របស់កម្ពុជា បានបណ្តាលឲ្យមាន «ក្តីបារម្ភធ្ងន់ធ្ងរអំពីស្ថានភាពនាំចេញសម្រាប់ឆមាសទី២»។ លោកថា សមាជិក មួយចំនួន ក្នុងចំណោម «សមាជិកជាច្រើន» ដែលបានរាយការណ៍អំពីការធ្លាក់ចុះ និងការកែប្រែ នៅក្នុងការបញ្ជាទិញ បានស្នើសុំដំបូន្មានពីក្រុមការងារច្បាប់របស់សមាគម អំពីនីតិវិធីសម្រាប់ការ ព្យួរផលិតកម្មដោយផ្នែក។

លោក លូ បានបញ្ជាក់ថា សមាគមកំពុងធ្វើការ «សិក្សាវាស់ស្តង់ធំមួយក្នុងចំណោមសមាជិកទាំង អស់» ដើម្បីវាស់ស្តង់ស្ថានភាពឲ្យបានសុក្រឹតជុំវិញការបញ្ជាទិញ។ លោកបានចង្អុលបង្ហាញថា ឥឡូវនេះនិយោជក «កំពុងប្រឈមថ្លៃពលកម្មខ្ពស់» រួមជាមួយនឹងការបង់ភាគទានទៅរបបសន្តិសុខសង្គម ផ្នែកសោធនសម្រាប់កម្មករនិយោជិតវិស័យឯកជន ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី០១ ខែ តុលា និងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យដែលនឹងត្រូវកំណត់ ហើយចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។

លោកបន្តថា «ការកើនឡើងការចំណាយទ្វេដងនេះ គឺវាធ្ងន់ធ្ងរគ្រប់គ្រាន់ហើយដែលត្រូវបារម្ភ ដោយ មិនទាន់និយាយអំពីបញ្ហាដទៃៗទៀត ដូចជាការចំណាយខ្ពស់លើថ្លៃភស្តុភារ និងការចំណាយខ្ពស់ ជាងមុនសម្រាប់អនុលោមភាព ដែលកំពុងកើនឡើង [ជាប្រចាំឆ្នាំ] ដែលធ្វើឲ្យកើនឡើងដោយសារការ ទាមទាររបស់អ្នកបញ្ជាទិញ»។ លោកបានទឡ្ហីករថា ខណៈកំណើនការនាំចេញជាធម្មតា ត្រូវបាន ចាត់ទុកថាមានលក្ខណៈវិជ្ជមាន តួលេខនេះអាចធ្វើឲ្យមានការភាន់ច្រឡំ ហើយគិតថាជាចំណូល សុទ្ធរបស់អាជីវកម្ម បន្ទាប់ពីការចំណាយទាំងអស់ត្រូវបានកាត់។

ជាឧទាហរណ៍ មានតែ៣៩ភាគរយនៃក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលទទួលបានប្រាក់ ចំណេញកាលឆ្នាំមុន ៤៣ភាគរយខាត ខណៈ១៨ភាគរយរួចខ្លួន។ លោកបានថ្លែងយ៉ាងដូចនេះ ដោយយោងទៅលើការសិក្សាមួយ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO)។ លោកថា «នេះគឺពហុវិស័យនៅក្នុងកម្មន្តសាល។ នឹងមានភាគរយកាន់តែទាបជាងនេះទៀត ប្រសិន បើសម្លឹងមើលជាក់លាក់លើវិស័យរបស់យើង។ ហើយកម្ពុជាគឺស្ថិតនៅក្រោម៦០%នៃមធ្យម ភាគតំបន់»

លោកបានផ្តល់ជាយោបល់ថា តទៅមុខទៀត កម្ពុជាត្រូវតែចាត់វិធានការសកម្មជាមុននិងប្រុង ប្រយ័ត្នចំពោះបញ្ហាដែលអាចធ្វើឲ្យមានសម្ពាធការចំណាយច្រើនជាងមុនទៅលើក្រុមហ៊ុន។ លោកបានបន្ថែមថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរឆ្នាំ២០២២ ២០២៧ ដែលត្រូវបានដាក់ចេញកាលពីខែមីនា ត្រូវតែ «ដើរតាមឲ្យបាន លឿន ដើម្បីការពារមិនឲ្យមាន ការធ្លាក់ចុះ ដែលមានលក្ខណៈពិតណាស់»

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានចំនួន៦.៦ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ ពីចំនួន៤.៧២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលធ្វើដំណើររួមមាន៖ វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផល ស្រដៀង៕