រុស្ស៊ី និយាយថា កិច្ចសន្ទនាជាមួយប្រមុខការទូតអាមេរិក នឹងធ្វើឡើង នៅពេលវេលាស័ក្តិសម មកដល់


 (មូស្គូ)៖  យោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលស្គាល់ ពីសំណើរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទមួយពីទីក្រុងវ៉ាស៊ីនតោន ហើយថាការសន្ទនារវាងអ្នកការទូត កំពូលរបស់ប្រទេសទាំងពីរអាចនឹងធ្វើទៅបាន នៅពេលវេលាស័ក្តិសមណាមួយ ខណៈប្រមុខការ ទូតរុស្ស៊ី គឺលោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) កំពុងមមាញឹកនឹងការងារ។

ដោយសំដៅទៅលើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនខិន (Antony Blinken) អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានប្រាប់អ្នកសារព័ត៌ មានយ៉ាងដូចច្នេះ ថា «លោក ឡាវរ៉ូវ នឹងយកចិត្តទុកដាក់ចំពោះសំណើនេះ ប៉ុន្តែគឺនៅពេលដែល ពេលវេលាដែលអាចធ្វើទៅបាន»

លោកស្រី ហ្សាខារ៉ូវ៉ា បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងពេលបច្ចុប្បន្ន «មានកាលវិភាគ មមាញឹកជាមួយទំនាក់ទំនងអន្តរជាតិ» រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី របស់អង្គការសហប្រតិបត្តិការ សៀងហៃ និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត។

គួរបញ្ជាក់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយ (Ned Price) បានឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក កំពុងស្វែងរកកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការ បរទេសនៃប្រទេសទាំង២។ សហរដ្ឋអាមេរិក នឹងយកកិច្ចសន្ទនានេះ មកពិភាក្សាលើសំណើដ៏ ច្រើនរបស់ខ្លួន ស្តីពីការដោះលែងជនជាតិអាមេរិក ដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររុស្ស៉ី៕