អ៊ុយក្រែន បង្កើនការវាយបកលើទាហានរុស្ស៉ី នៅភាគខាងត្បូង ខណៈមីស៊ីលវាយប្រហារតំបន់ក្បែរ រដ្ឋធានីកៀវជាថ្មី

 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ទាហានអ៊ុយក្រែន បាន និងកំពុងបង្កើនការវាយបកប្រឆាំងនឹងទាហាន រុស្ស៉ីនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ខណៈទីក្រុងមូស្គូទម្លាក់គ្រាប់បែក នៅតាមតំបន់ជាយ រដ្ឋធានីកៀវ ជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។

បើតាមអាជ្ញាធរអ៊ុយក្រែន មនុស្សយ៉ាងហោច ១៥នាក់បានរងរបួសក្នុងការវាយប្រហារដោយមីស៊ីល របស់ទាហានរុស្ស៉ី លើមូលដ្ឋានយោធាក្នុងស្រុក វីសហ័ររ៉ូដ (Vyshhorod) ស្ថិតនៅជាយរដ្ឋធានីកៀវ កាលពីថ្ងៃព្រហស្បតិ៍។ មីស៊ីលរុស្ស៉ីជាង១០គ្រាប់ផ្សេងទៀត ក៏បានវាយប្រហារលើទីក្រុងឈែរនីហ៊ីវ (Chernihiv) ស្ថិតនៅចម្ងាយប្រហែល១២០គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីកៀវផងដែរ ហើយទាំង ទីក្រុងឈែរនីហ៊ីវ និងរដ្ឋធានីកៀវ មិនធា្លប់រងការវាយប្រហារពីរុស្ស៉ីឡើយ អស់រយៈពេលជាច្រើន សប្ដាហ៍មកនេះ។

ប៉ុន្តែ ព្រមពេលជាគ្នា ទាហានអ៊ុយក្រែនបានដឹកនាំប្រតិបត្តិការវាយបកលើទាហានរុស្ស៉ី នៅក្នុង តំបន់ភាគខាងត្បូងតាមរយៈការវាយប្រហារតាមផ្លូវអាកាស ដោយប្រើយន្ដហោះចម្បាំងវាយ ប្រហារលើមូលដ្ឋានរឹងមាំចំនួនរបស់រុស្ស៉ី នៅជុំវិញតំបន់ខឺសុន និងតំបន់នៅក្បែរទីក្រុងនេះ ជាទី ដែលទាហានអ៊ុយក្រែន កំពុងផ្ដោតលើការវាយបក ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីចុងខែ កុម្ភៈមក។

គួរបញ្ជាក់ថា ខណៈទាហានរុស្ស៉ីកំពុងរីកចម្រើនទៅមុខយឺតៗនៅក្នុងតំបន់ដុនបាស់ ទាហានអ៊ុយ ក្រែនដោយមានជំនួយអាវុធពីលោកខាងលិចបានអះអាងថា ខ្លួនបានបំផ្លាញស្ពានចំនួន៣ ឆ្លង កាត់ទន្លេឌីនីប្រូ (Dnipro) ដែលនេះនឹងបង្កការលំបាកដល់រុស្ស៉ីក្នុងការផ្គត់ផ្គង់ស្បៀង ឬអាវុធដល់ ទាហានរបស់ខ្លួន ខណៈ ចារកម្មអង់គ្លេសថានេះជាការចាប់ផ្ដើមយុទ្ធសាស្ត្រកាត់ផ្ដាច់ឱ្យទាហានរុស្ស៉ី ក្នុងតំបន់ខឺសុនឯកកោ៕