(កូឡុំបូ)៖ យោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែ កក្កដា ឆ្នាំ២០២២ គឺ កងកម្លាំងសន្តិសុខនៅក្នុងប្រទេសសី្រលង្កា បានវាយឆ្មក់កម្ទេចជំរំតវ៉ាប្រឆាំង រដ្ឋាភិបាលដ៏ធំមួយ នៅក្នុងរដ្ឋធានីកូឡុំបូ នាព្រឹកថ្ងៃសុក្រនេះ ហើយបានបណ្តេញក្រុមសកម្មជនជា ច្រើននាក់ តែប៉ុន្មានម៉ោងមុនពេលដែលប្រធានាធិបតីថ្មី ត្រូវប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី។
កងទ័ព និងប៉ូលិសកងកុម្មង់ដូពិសេសប្រដាប់ដោយដំបង និងកាំភ្លើងស្វ័យប្រវត្តិ បានបំបែកក្រុម អ្នកតវ៉ា ដែលប្រមូលផ្តុំគ្នានៅបរិវេណក្បែរ វិមានប្រធានាធិបតី និងឃាត់ខ្លួនមនុស្ស៩នាក់ ជាច្រើន ម៉ោងមុនពេលពួកគេត្រូវបានរំពឹងថានឹងប្រមូលផ្ដុំគ្នាតវ៉ាជាថ្មី។ រីឯ ទាហានរាប់រយនាក់បានរុះរើរបាំង របស់ក្រុមបាតុករ ដែលធ្វើឡើងសម្រាប់បិទទ្វារច្រកសំខាន់ពីរខាងមុខអគារមួយចំនួន ដែលពួកគេ បានធ្វើក្នុងសកម្មភាពតវ៉ាកាលពីដើមខែនេះ។ ជាមួយគ្នានេះ រថពាសដែកក៏ត្រូវបានដាក់ពង្រាយ នៅតំបន់ជុំវិញនោះផងដែរ។
សូមបញ្ជាក់ថា ការវាយឆ្មក់កម្ទេចទីតាំងប្រមូលផ្តុំរបស់ក្រុមអ្នកតវ៉ាខាងលើនេះ បានកើតឡើងមួយ ថ្ងៃ បន្ទាប់ពីអ្នកនយោបាយជើងចាស់ លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ (Ranil Wickremesinghe) បាន ស្បថចូលកាន់តំណែងជាប្រធានាធិបតី ជំនួសលោក ហ្គូតាប្រ៉ាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) ដែលបានភៀសខ្លួនមកកាន់ប្រទេសសិង្ហបុរី និងលាលែងពីតំណែង។ ក្រុមអ្នករិះគន់ បានថ្កោលទោសសកម្មភាពហិង្សានេះ ហើយបាន ព្រមានថា វានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ នៅលើឆាកអន្តរជាតិរបស់រដ្ឋាភិបាលថ្មីផងដែរ៕