(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី សប្បុរសធម៌បរិច្ចាគឈាម លើកទី២ ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន ស.ស.យ.ក វិស័យរ៉ែ និងថាមពល សរុបចំនួនប្រមាណ៧០នាក់។
កម្មវិធីសប្បុរសធម៌ បរិច្ចាគឈាមនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិ ការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ ក្រសួង និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា កម្មវីធីបរិច្ចាគឈាម ដែលរៀបចំដោយ ក្រសួងរ៉ែ និងថាមពលនេះ កើតឡើងចេញពីការស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពល។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ជួយឧបត្ថម្ភ និងសង្គ្រោះ ជនរងគ្រោះ ឬអ្នកជំងឺខ្វះឈាមទូទាំងប្រទេស និងដើម្បីចូលរួមចំណែក លើកស្ទួយវិស័យសុខា ភិបាល និងសុខមាលភាពសង្គមកម្ពុជា ព្រមទាំងជាការបញ្ជាក់អំពីចិត្តសប្បុរស និងទឹកចិត្ត អាណិត ស្រលាញ់។
បន្ថែមពីនោះទៀត ឯកឧត្តម ឌិត ទីណា បានលើកឡើងថា កម្មវិធីសប្បុរសធម៌ បរិច្ចាគឈាមនេះ គឺការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមជួយ ដល់ជនរងគ្រោះគ្រប់រូប ដែលមានតម្រូវការ ឈាមជាបន្ទាន់ ក្នុងគ្រាអាសន្ន។ សូមបញ្ជាក់ថា នេះជាលើកទី១០ហើយ ដែលក្រសួងរ៉ែ និងថាម ពល បានរៀបចំកម្មវីធីបរិច្ចាគឈាម គិតចាប់ពីឆ្នាំ២០១៦មក។ ការបរិច្ចាគឈាម ចំនួន៩លើក កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានផ្ដល់ឈាមសរុបចំនួន៣៣៩ប្លោក៕