(តៃប៉ិ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ប្រាប់អោយដឹងថា សមាជិកសភាជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អនាគតរបស់កោះតៃវ៉ាន់ គួរតែត្រូវបានសម្រេចចិត្ត ដោយ ប្រជាជនតៃវ៉ាន់ ហើយ EU គាំទ្រអត្ថិភាព នៃ«អធិបតេយ្យ» របស់កោះនេះ ខណៈការលើកឡើង បែបនេះតែងតែបង្កការខឹងសម្បារពីសំណាក់ ទីក្រុងប៉េកាំង។
លោកស្រី នីកូឡា បៀ (Nicola Beer) ដែលជាអនុប្រធានសភាអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ចជា ផ្លូវការលើកដំបូងទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារដើម សប្ដាហ៍នេះ។ ក្នុងឋានៈជាអ្នកតំណាងមួយរូបនៃសហភាពអឺរ៉ុប លោកស្រី បានជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយ នៅក្នុងជំនួបនោះដែរ លោកស្រី បៀ បានសម្តែងការ ព្រួយបារម្ភរបស់សហភាពអឺរ៉ុបថាទីក្រុងប៉េកាំងកំពុងឆ្ពោះទៅរកទិសដៅមួយដែលអាចផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នដោយឯកតោភាគី ជាមួយទីក្រុងតៃប៉ិ។
លោកស្រី បៀ បានគូសបញ្ជាក់ដូច្នេះថា «បញ្ហានេះមិនគួរកើតឡើងទេ ទោះស្ថិតក្នុងកាលៈទេសៈ ឬក្រោមលេសណាក៏ដោយ ហើយអឺរ៉ុបនឹងបន្តគាំទ្រ ប្រជាធិបតេយ្យ សន្តិភាព និងអត្ថិភាពនៃ អធិបតេយ្យរបស់តៃវ៉ាន់»៕