សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ជួបសម្តែងការគួរសម និងពិភាក្សាការងារ


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ តបតាម ការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ។ ក្រៅតែពីការជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញជួបទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភ រួមផងដែរ។ នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹង អញ្ជើញធ្វើបាឋកថា ក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរ ជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ទស្សនកិច្ចរបស់លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ ល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕