រុស្ស៉ីព្រមានថា ការប៉ុនប៉ងរបស់ប្រទេស G7 ក្នុងការកំណត់តម្លៃប្រេង វានឹងធ្វើឲ្យតម្លៃប្រេង កាន់តែឡើងថ្លៃ


 (មូស្គូ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ប្រាប់អោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងរបស់ G7 ដើម្បីកំណត់តម្លៃប្រេង តាមពិតវានឹងបង្កឱ្យតម្លៃប្រេងកាន់តែ ឡើងថ្លៃ។ លោកស្រីបានប្រាប់សន្និសីទព័ត៌មានប្រចាំសប្តាហ៍ ថា «ផែនការ ទាំង នោះ គឺ ប្រឆាំង នឹង ទីផ្សារសេរី និង មានហានិភ័យខ្ពស់»

គួរជម្រាបថា គម្រោងកំណត់តម្លៃប្រេងនេះត្រូវបានតាក់តែងឡើងជាលើកដំបូង កាលពីខែមុនដោយ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់នូវអ្វីដែលវិមានក្រឹមឡាំងហៅថាជា «ប្រតិបត្តិការ យោធាពិសេស» នៅអ៊ុយក្រែន។ រូបរាងនៃកិច្ចព្រមព្រៀងចុងក្រោយ និងកម្រិតតម្លៃមិនទាន់ត្រូវ បានប្រកាសនៅឡើយទេ។

សហរដ្ឋអាមេរិក និងសហភាព អឺរ៉ុប បានប្រកាសដាក់កំហិតលើការទិញប្រេងពីរុស្ស៊ីជាមធ្យោបាយ ដាក់ទណ្ឌកម្មក្រុងម៉ូស្គូខណៈដែលប្រេងរុស្ស៉ីបានលក់ក្នុងការបញ្ចុះតម្លៃដ៏គួរឲ្យស្រលាញ់ដល់ពិភពលោក ចំពេលដែលពួកគេកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងការដឹកជញ្ជូន។

លោកស្រី Zakharova ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីដំណើររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់មជ្ឈិមបូព៌ា ហើយបានលើកឡើងថា លោក Biden ទំនងជាស្នើឱ្យអារ៉ាប៊ីសា អូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេលើពិភពលោក បង្កើនផលិតកម្មប្រេង ដើម្បីកាត់បន្ថយ តម្លៃប្រេងសាំងខ្ពស់។

លោកស្រីក៏បានស្តីបន្ទោសថា តម្លៃប្រេងឡើងថ្លៃខ្លាំង គឺដោយសារតែកំហុសរបស់លោកខាងលិច នៅក្នុងគោលនយោបាយថាមពលក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកផលិតថាមពលធំៗដូចជា រុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាផងដែរ៕