រដ្ឋមន្ត្រីសុខាភិបាល ណែនាំឲ្យបណ្តាខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម អនុវត្តវិធានសុខាភិបាល ចំពោះអ្នកដំណើរ ឬពលករ ដែលមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ បានចេញលិខិតដោយណែនាំដល់អភិបាលខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម អំពីការអនុវត្តវិធានសុខាភិបាលចំពោះអ្នកដំណើរ ឬពលករដែលមិនទាន់ចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ គឺត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃ។

លិខិតរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីមានការកែសម្រួលលក្ខខណ្ឌមិន តម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡី ស័ក នៅតាមខេត្តជាប់ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លង វីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឲ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។

ក្នុងករណីទទួលលទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម៖

១៖ ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នកដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាពនិងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាព ឲ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

២៖ ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាលត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឲ្យសម្រាកព្យា បាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ៕