(កំពង់ស្ពឺ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺ រួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅ លុបបំបាត់ឱ្យបានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៣ ខាងមុខ។
ការជំរុញបែបនេះ របស់ ឯកឧត្តម សាស្ត្រចារ្យ ម៉ម ប៊ុនហេង បានធ្វើឡើងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២២ក្នុងឱកាសដែលលោកសាស្ត្រាចារ្យបានដឹកនាំក្រុមការងារប្រតិភូជាន់ខ្ពស់អង្គការសុខភាពពិភពលោក ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពវិស័យ សុខាភិបាល ពិសេសលើកម្មវិធីលុបបំបាត់ជំងឺ គ្រុនចាញ់ និងការថែសុខភាពបឋមរបស់ខេត្តកំពង់ស្ពឺ។
ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ពិសេសមន្ត្រីសុខាភិ បាលខេត្តគោលដៅឱ្យបន្ដខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាពអនុវត្តជំហានចុងក្រោយឆ្ពោះ ទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។
បន្ថែមពីនេះ ឯកឧត្តម សាស្ត្រាចារ្យ បានបន្តថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីដ្បិតតែ មានការថយចុះច្រើនតែគ្រប់គ្នាត្រូវពង្រឹងបន្ថែមទៀត ជាពិសេសសកម្មភាពអនុវត្តជំហានចុង ក្រោយ។ ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុតដើម្បីសម្រេចឱ្យ បាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេសគឺជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតប បន្ទាន់តាមវិធីសាស្ត្រ១-៣-៧ ហើយក្នុងករណីរកឃើញមានវិជ្ជមានជំងឺនេះត្រូវព្យាបាល និងកំណត់ ភូមិសាស្ត្រសម្បុកចម្លង និងឆ្លើយតបកម្ចាត់សម្បុកបង្កជំងឺ។ ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ «លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២៣» លើគោលដៅប្រជាជនចេញចូលទៅតំបន់ប្រឈមជំងឺគ្រុន ចាញ់ ដូចជាអ្នកប្រកបរបរចូលព្រៃរកអនុផលព្រៃឈើ អ្នកទៅបោះជំរុំ ឬអ្នកទេសចរកម្សាន្តក្នុង ព្រៃភ្នំជាដើម។ ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំ ដល់ប្រជាជនចល័ត និង ចំណាកស្រុកឱ្យបាន ១០០ភាគរយ ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័ត ហើយត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ ដោយថ្នាំ Prima quine ១៤ ថ្ងៃនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្អែកលើ លទ្ធផលការងារស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់ដែលមន្ទីរសុខាភិបាល សម្រេចបានក្នុង ឆ្នាំកន្លងមក បង្ហាញថាស្ថានភាពជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅទូទាំងខេត្ត បានថយចុះគួរជាទីមោទនៈ ក្នុងរង្វង់៥៥% សម្រាប់៣ឆ្នាំជាប់គ្នាកន្លងទៅនេះ។
ករណីគ្រុនចាញ់សន្ធំ និងចម្រុះ បានថយចុះក្នុងរង្វង់៧០% រៀងរាល់ឆ្នាំពី១៥០៧ ករណីក្នុងឆ្នាំ ២០១៩ មក៤៧៤ ករណីនៅ ឆ្នាំ ២០២០ និងបន្តថយចុះមកនៅតែ ១២៤ករណី ក្នុងឆ្នាំ ២០២១។
សម្រាប់ឆ្នាំ២០២២ ឆមាសទី១ នេះនិន្នាការករណីគ្រុនចាញ់មានការថយចុះផងដែរ ដោយមាន ចំនួនករណីសរុបតែ៥១២ ករណី ក្នុងនោះប្រភេទមេរោគគ្រុនចាញ់សន្ធំ និងចំរុះមានចំនួនតែ៤០ ករណី ប្រភេទវីវ៉ាក់៤៧១ ករណី និងប្រភេទម៉ាឡាយ៉េ ចំនួន១ ករណី។ បើប្រៀបធៀបក្នុងឆមាសទី១ រយៈពេលបីឆ្នាំដូចគ្នា (ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២) ករណីវិជ្ជមាន គ្រប់ទម្រង់មានការថយចុះក្នុងរង្វង់ ៤៦%។ នេះជាកត្តាជោគជ័យគួរឱ្យកត់សម្គាល់ ជាងនេះទៅ ទៀតចាប់តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ឡើយ។ ជោគជ័យទាំងអស់នេះ បានបង្ហាញឱ្យឃើញថា បើទោះជាក្នុងបរិបទដ៏លំបាកដោយសារ ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់មន្ទីរសុខាភិបាល នៅតែប្រតិបត្តិបានប្រកបដោយជោគជ័យ៕