(កៀវ)៖ តាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេសអ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់ លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ នៅក្រោយការឈ្លានពានរបស់ រុស្ស៉ី បិទ បញ្ចប់។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហ្កាល់ (Denys Shmygal) ធ្វើការកត់សម្គាល់ ខាងលើប្រាប់សន្និសីទស្ដីពីការស្ដារប្រទេសអ៊ុយក្រែន រៀបចំឡើងដោយប្រទេសស្វីស នៅថ្ងៃចន្ទ សប្ដាហ៍នេះ។ បើតាមលោក ស្ម៊ីហ្កាល់ ការឈ្លានពានរបស់រុស្ស៉ី បានបង្កការបំផ្លិចបំផ្លាញដោយ ផ្ទាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនមកទល់នឹងពេលនេះ មានទំហំទឹកប្រាក់ជាង ១០០ពាន់ លានដុល្លាររួចទៅហើយ។
គួរបញ្ជាក់ថា បើតាមលោក ស្ម៊ីហ្កាល់ រដ្ឋាភិបាលអ៊ុយក្រែនជឿជាក់ថាប្រភពសំខាន់ នៃការប្រមូល ថវិកាសម្រាប់ផែនការស្ដារអ៊ុយក្រែនឡើងវិញ គួរតែជាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី ដែលត្រូវ បានក្រុមប្រទេសលោកខាងលិចរឹបអូស។ លោកបន្ថែមថាការស្ដារអ៊ុយក្រែន ត្រូវបែងចែក ជា ៣ ដំណាក់កាល ដោយដំណាក់កាលចម្បង នោះគឺដោះស្រាយជីវភាពរស់នៅរបស់ប្រជាជនអ៊ុយក្រែន ដូចជាការផ្គត់ផ្គង់ទឹកស្អាត ផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀនជាដើម៕