(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយថាលោកផ្ទាល់ បានប្រគល់សារ របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនរួចរាល់ហើយ នាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងមូស្គូ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
ថ្លែងនៅក្រោយជួបពិភាក្សាការងារជាមួយលោក ពូទីន លោក វីដូដូ បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាន ប្រគល់សាររបស់លោក ហ្សេលេនស្គី ឱ្យលោក ពូទីន រួចរាល់ហើយ»។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បន្ថែមថាលោកក៏បានត្រៀមខ្លួនជាស្រេចផងដែរ ដើម្បីជួយចាប់ ផ្ដើមភ្ជាប់ទំនាក់ទំនងរវាង លោក ពូទីន និងលោក ហ្សេលេនស្គី ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ពីសាររបស់លោក ហ្សេលេនស្គី នោះទេ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វីដូដូ នៅក្នុងទីក្រុងមូស្គូ កើតមានឡើង ចំពេលឥណ្ឌូ ណេស៊ី កំពុងរងសម្ពាធពីបណ្ដាប្រទេស លោកខាងលិច កុំអញ្ជើញលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំ កំពូល G20 នៅកោះបាលី នៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ ទីក្រុងហ្សាការតា បានអញ្ជើញ ទាំង លោក ហ្សេលេនស្គី និងលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ៕