ក្រសួងសង្គមកិច្ច បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារកម្ពុជា រយៈពេល២ថ្ងៃនៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំច្បាប់ ស្ដីពីកិច្ចការពារកុមារ នៃកម្ពុជា តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេច ក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារកម្ពុជា។

កម្មវិធីនេះរៀបចំដោយ លេខាធិការដ្ឋានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានរយៈ ២ថ្ងៃ គឺពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយ មានការគាំទ្រពី USAID តាមរយៈ អង្គការ Unicef និងអង្គការ PLAN។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកជំទាវ ខៀវ បូរី បានឲ្យដឹងថា រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ ដែលមាន១៤ជំពូក និង១៦៤នាត្រា បានដាក់ឆ្លងសិក្ខាសាលាពិគ្រោះយោបល់បានចំនួន១០លើក រួចហើយ ដោយឡែកកិច្ចប្រជុំនាពេលនេះ គឺកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ឲ្យខ្លឹមសារមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឈានទៅបន្តនីតិវិធី ដើម្បីពន្លឿនការអនុម័តឆាប់ៗ តាមគម្រោងដែលបានគ្រោងទុក។

លោកជំទាវ បានបន្ថែមថា ដើម្បីឲ្យកិច្ចប្រជុំរយៈពេល២ថ្ងៃដំណើរការរលូន និងទទួលបានលទ្ធផល ល្អប្រសើរ លោកស្រី ស្នើឲ្យក្រុមការងារមេត្តាពិនិត្យ និងផ្តល់យោបល់ឲ្យបានសកម្ម និងចែករំលែក នូវបទពិសោធន៍ប្រកបដោយភាពច្បាស់លាស់ ដើម្បីបំពេញបន្ថែម ឲ្យខ្លឹមសារកាន់តែមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងមានតម្លាភាព ដើម្បីជាឧត្តមប្រយោជន៍កុមារនៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ទន្ទឹមនឹងភាពរីកចម្រើនក្នុងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ក៏មានកុមារមួយ ចំនួននៅតែជួបបញ្ហាប្រឈម ដូចជា កុមារបោះបង់ចោលការសិក្សា កុមារបម្លាស់ទី អំពើហិង្សាលើ កុមារ កុមារប្រើប្រាស់សារធាតុញៀន កុមារកង្វះអាហាររូបត្ថម្ភ កុមារតាមម្តាយក្នុងពន្ធនាគារ ការរំ លោភបំពាន និងកេងប្រវ័ព្ចាគ្រប់ទម្រង់លើកកុមារ។

បញ្ហានេះ បានតម្រូវឲ្យក្រសួង និងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ ឪពុកម្តាយ អង្គ ការពាក់ព័ន្ធ រួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងចំគោលដៅ។

ព្រមជាមួយនេះ ដោយមិនឃើញពីបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរ រាជរដ្ឋាភិ បាលកម្ពុជា បានចេញសេចក្តីជូនដំណឹងផ្តល់កាតព្វកិច្ចដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា រៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារកម្ពុជា ក្នុងគោលបមណងដើម្បីការពារ កុមារគ្រប់ៗរូបឲ្យទទួលបានសិទ្ធិពេញលេញ៕