ក្រសួងការងារផ្ដល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទក្រសួង

 (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បាន បើកគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទក្រសួង ក្រោម អធិបតីភាពលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ។

លោកជំទាវរដ្ឋលេខាធិការលើកឡើងថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រជាការងារ មួយចាំបាច់ដែលទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែង វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១២ចំណុចរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិតិ្តយសនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីដែលបានដាក់ចេញនៅក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០-២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អនុសាសន៍៦ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គោលគំនិតនៃការបញ្ជ្រាបយេនឌ័រ ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ភាពជាដៃគូក្នុងការ លើកកម្ពស់សមភាពយេនឌ័រ របកគំហើញ និងផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ការកេង ប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ និង គោលការណ៍បម្លាស់ប្តូរយេនឌ័រ និងបរិយាប័នពិការភាព ហើយប្រែក្លាយការយល់ដឹងដែលទទួល បាននាពេលនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ ស៊ើង សរសុចិត្តា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភានេះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសារសំខាន់របស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ជាក់ស្តែងរាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តចតុកោណដែលបានកំណត់នូវគោលដៅនៃការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនពលករកម្ពុជាឲ្យបានពេញលេញ ការលើកស្ទួយសមធម៌ និងយុត្តិ ធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងវិស័យមុខងារសាធារណៈ។ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយក្នុង យុទ្ធសាស្រ្តនេះ ក៏បានគូសបញ្ជាក់ច្បាស់ថាស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

តាមរយៈយុទ្ធសាស្ត្រនេះរាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថ សង្គមដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំ សុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូល រួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារ តាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភ សេពសន្ធវៈ និងរាល់ទម្រង់ដទៃទៀតនៃអំពើហិង្សា។ ចំណែកដ៏សំខាន់មួយទៀតក្នុងកិច្ចការនេះ គឺការយកចិត្តទុកដាក់បង្កើនសមមាត្រនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិត តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន៕