សម្ដេចតេជោ ហ៊ុន សែន គ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាម ហើយក៏មិនចង់បានដីវៀតណាម សូម្បី១ មីលីម៉ែត្រ សូមត្រឹមតែដោះស្រាយតាមផែនទីបារាំងទៅបានហើយ


(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ចំពោះមុខប្រជាជនកម្ពុជា និងមេដឹកនាំវៀតណាម ពិសេសអ្នកដែលចោទប្រកាន់លើសម្ដេចយ៉ាងដូច្នេះថា សម្ដេចគ្មានសិទ្ធិ ប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រដែរ សូមឱ្យតែដោះស្រាយឱ្យបានត្រឹមត្រូវតាមផែនទីសម័យអាណានិគមបារាំងទៅបានហើយ។

ក្នុងពិធីរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី៤៥ឆ្នាំ នៅព្រំដែនកម្ពុជា-វៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមានសុខសន្តិភាព រយៈពេល៤៣ឆ្នាំហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះភាគីកម្ពុជាបានធ្វើ កិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាទទួលយក ៨៤ភាគរយនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់។ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរក៏កំពុងចរចាដោះស្រាយបញ្ហាជាមួយគ្នាផងដែរ ក្នុងនោះ៦ ភាគរយកំពុងជជែកគ្នាបន្ត។

សម្ដេចតេជោបានបន្តថា មុនឈានដល់ការចុះហត្ថលេខាទទួល៨៤ភាគរយនេះ គឺមានការចរចា និងចុះហត្ថលេខាជាច្រើនដំណាក់កាល ពោលគឺអស់រយៈពេលជាង៤០ឆ្នាំមកហើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅអ្នកដែលបានចោទប្រកាន់មកលើសម្ដេចទៀតថា ប្រសិន បើសម្ដេចចង់ប្រគល់ដីខ្មែរឱ្យវៀតណាម មិនចាំបាច់ចរចាជជែកជាមួយវៀតណាមដល់ទៅជាង​៤០ឆ្នាំនេះឡើយ។ សម្រេចបានហៅការចោទប្រកាន់ទាំងនោះថាជារឿងអយុត្តិធម៌បំផុតមកសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀតដែលបាននិងកំពុងខិតខំចរចាយ៉ាងលំបាក ទម្រាំរកបានភាពត្រឹមត្រូវ ចំពោះបញ្ហាព្រំដែននេះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នពថា «ខ្ញុំសូមបញ្ជាក់នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជា ហើយ បញ្ជាក់ជូនចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំវៀតណាមនៅទីនេះ ខ្ញុំគ្មានសិទ្ធិដើម្បី ប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានទឹកដីវៀតណាមសូម្បី១មីលីម៉ែត្រ សូមឱ្យតែទៅតាមក្បូនខ្នាតដែលអាណានិគមបារាំងបានបន្សល់ទុកទៅបានហើយ [….] វៀតណាម​ក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាមដែរ»

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ទៀតថា ការដោះស្រាយបញ្ហាទាំងឡាយនៅតាម ខ្សែបន្ទាត់ព្រំដែន មិនត្រឹមតែជាមួយវៀតណាមនោះទេ ទោះបីជាមួយប្រទេសថៃ និងប្រទេសឡាវ ក៏កម្ពុជាប្រកាន់គោលជំហរដូច្នេះដែរ។

សម្ដេចតេជោបានបន្តទៀតថា ក្រោយពេលអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនៅកម្ពុជា សម្ដេចតេជោបានដាក់ចេញនូវទិសដៅ២ ដើម្បីប្រែក្លាយបញ្ហាព្រំដែនទៅជាឱកាសនៃការអភិវឌ្ឍ និងការពារប្រជាជន ក្នុងនោះរួមមាន៖

គោលដៅទី១៖ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ឬជាទីផ្សារ ដែលនេះ ជាគោលដៅដែលបាននិងកំពុងសម្រេច។ បច្ចុប្បន្ន តំបន់អតីតសមរភូមិទាំងអស់នោះគ្មានមីន និង ការប្រយុទ្ធគ្នាទៀតទេ។

គោលដៅទី២៖ប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រសិនបើជាប់ជាមួយវៀតណាម តំបន់ដែលគេធ្លាប់ ដាក់កាំភ្លើងធំបាញ់ផ្លោងទៅវិញទៅមកនោះ បច្ចុប្បន្ននេះបានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស សណ្ឋាគារ និងមានការផ្លាស់ប្ដូរទំនិញទៅវិញទៅមកយ៉ាងមមាញឹក ដែលមានទំហំជាង៥ពាន់លាន ដុល្លារគិតត្រឹម៥ខែដើមឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២១សម្រេចបានទំហំពាណិជ្ជកម្មជាង៩ពាន់ លានដុល្លារ និងរំពឹងឡើងទៅដល់ជាង១០ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ។

តួយ៉ាង នៅតំបន់ត្រពាំងថ្មិ ឬតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគម្រោងជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ រៀបចំបង្កើត ទៅជាច្រកព្រំដែនអន្តរជាតិមួយទៀតផងដែរ៕