ប្រធានាធិបតីអ៊ុយក្រែន ជឿថា រុស្ស៉ីនឹងបង្កើនការវាយប្រហារកាន់តែខ្លាំង ចំពោះមុខកិច្ចប្រជុំកំពូល EU ក្នុងសប្តាហ៍នេះ

 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែ មិថុនា ឆ្នាំ២០២២ គឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្យាករថា រុស្ស៉ី នឹងបង្កើនការវាយប្រហាររបស់ខ្លួនក្នុងសប្តាហ៍នេះ នៅពេលដែល មេដឹកនាំសហភាពអឺរ៉ុប (EU) ជួបប្រជុំគ្នា ដើម្បីពិចារណាលើសមាជិកភាពរបស់អ៊ុយក្រែន ក្នុងប្លុកនេះ ចំពេលទីក្រុងមូស្គូ បង្កើន ការវាយប្រហារដើម្បី គ្រប់គ្រងភាគខាងកើតអ៊ុយក្រែន។

ក្នុងសុន្ទរកថាតាមវីដេអូមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បាន ថ្លែងយ៉ាងដូច្នេះថា «តាមការសន្និដ្ឋាន, រុស្ស៉ីអាចនឹង បង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀត ក្នុងសប្តាហ៍នេះ។ តែយើងបានត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់»

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូ មិនមានអ្វីជំទាស់នឹងសមាជិកភាពរបស់អ៊ុយក្រែនទេ ប៉ុន្តែ អ្នកនាំពាក្យវិមានក្រឹមឡាំង បានសង្កត់ ធ្ងន់ថា រុស្ស៉ីនឹងតាមដានយ៉ាងដិតដល់ចំពោះសំណើរបស់ទីក្រុងកៀវ ក្នុងការចូលជាសមាជិករបស់ សហភាពអឺរ៉ុប ជាពិសេសនៅពេលដែលអ៊ុយក្រែន មានកិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិជាមួយប្រទេសជាសមាជិកផ្សេងទៀត។

សូមជម្រាបថា ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានផ្តល់អនុសាសន៍ថា អ៊ុយក្រែន គួរតែទទួលបាន  «ឋានៈជាបេក្ខភាព» ដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប ហើយប្រសិនបើមិនមានការប្រែប្រួល នោះទេ មេដឹកនាំនៃប្រទេសសមាជិក EU ទាំង២៧ នឹងលើកយកបញ្ហានេះ មកពិភាក្សាគ្នាក្នុង កិច្ចប្រជុំកំពូលដែល គ្រោងនឹងរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែដំណើរ ការដើម្បីឈានទៅសម្រេចបាន គឺអាចចំណាយពេលជាច្រើនឆ្នាំ ទៀតឯណោះ៕