(មូស្គូ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ គឺ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានព្យាករថាសហភាព អឺរ៉ុបអាចនឹងមានជោគវាសនាដូច អតីតសហភាពសូវៀត ដោយរលាយបាត់ចេញពីផែនទីពិភព លោក មុននឹងអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប។
លោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៉ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី ធ្វើការ កត់សម្គាល់ខាងលើ ក្នុងសារមួយសរសេរលើ បណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការប្រៀប ធៀប រវាងការសន្យារបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន និងផែនការរបស់សហភាពសូវៀតដែល ចង់កសាងលទ្ធិកម្មុយនិស្ដ។ លោក ម៉េដវ៉េដេវ បានបញ្ជាក់ ដូច្នេះថា «យើងប្រហែលជាអាចកសាង លទ្ធិកម្មុយនិស្ដបាន ប្រសិនបើសហភាពសូវៀតមិនរលំរលាយ។ តើយល់ពីអ្វីដែលខ្ញុំចង់និយាយ ដែរឬទេ?»។
សូមជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថាអ៊ុយក្រែន គួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយជាសមាជិក សហភាពអឺរ៉ុប។ ប៉ុន្តែ ការទទួលយក អ៊ុយក្រែនជាសមាជិកត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលរាប់ឆ្នាំ ខណៈមេដឹកនាំអឺរ៉ុបនឹងត្រូវ ជួបប្រជុំគ្នាដើម្បី ពិភាក្សាលើបញ្ហានេះ នៅក្នុងសប្ដាហ៍នេះ៕