(ប៉ារីស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាមានតែ អ៊ុយក្រែន ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចថាតើត្រូវ ឬមិនត្រូវ ទទួលយកសម្បទានណាមួយពាក់ព័ន្ធ នឹងទឹកដី ជាមួយរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 កំលុង បំពេញទស្សនកិច្ចក្នុងទីក្រុង កៀវ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៊ី តាលី។ ឆ្លើយតបទៅនឹងសំណួរដែលសួរថាតើសម្បទានបែបណា ក្នុងនោះរួមមានទាំងបញ្ហាទឹកដី ដែល អ៊ុយក្រែនគួរតែទទួលយក លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «បញ្ហាទឹកដី គឺអ៊ុយក្រែនខ្លួន ឯងជាអ្នកសម្រេចចិត្ត ហើយខ្ញុំគិតថាភារកិច្ចរបស់យើង ក្នុងការការពារតម្លៃរបស់យើង ច្បាប់អន្តរជាតិ រួមទាំងគាំទ្រអ៊ុយក្រែនផងដែរ»។
សូមជម្រាបថា លោក ម៉ាក្រុង រួមជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៉ីតាលី បានបំពេញទស្សនកិច្ចទៅ កាន់ទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបង្ហាញសាមគ្គីភាព និងការគាំទ្រចំពោះ អ៊ុយក្រែន ដែលកន្លងមកធ្លាប់រិះគន់មេដឹកនាំអឺរ៉ុបទាំង៣ ថាមានជំហរទន់ខ្សោយពេក។ យ៉ាងណាក៏ដោយ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំអឺរ៉ុបទាំង៣ បានផ្ដល់សង្ឃឹមចំពោះសមាជិក ភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន និងបានសន្យាផ្ដល់អាវុធបន្ថែម ដើម្បីទប់ទល់ជាមួយរុស្ស៉ីផង ដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានលើកឡើងម្ដងហើយម្ដងទៀតថាប្រទេស របស់លោកនឹងមិនផ្ដល់សម្បទានណាមួយពាក់ព័ន្ធនឹងទឹកដី ឱ្យរុស្ស៉ីជាដាច់ខាត៕