លោក ហ្សេលេនស្គី ថាអ៊ុយក្រែនកំពុងរងការខាតបង់ធ្ងន់ធ្ងរ និងស្នើសុំអាវុធប្រឆាំងមីស៊ីលបន្ថែម

 (កៀវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែ​មិថុនា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទាហានអ៊ុយក្រែនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រយុទ្ធ តស៊ូប្រឆាំង នឹងទាហានរុស្ស៉ី ទាំងនៅក្នុងទីក្រុង ស៊ីវីយេរ៉ូដូណេត (Sievierodonetsk) និងទីក្រុងខាកៀវ (Kharkiv) នៃភាគខាងកើតប្រទេស។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអង្គារសប្ដាហ៍ នេះ ហើយលោកក៏បានទទូចសុំផងដែរឱ្យបណ្ដាប្រទេស លោកខាងលិចបញ្ជូនអាវុធទំនើបៗបន្ថែម ក្នុងនោះរួមមានទាំងប្រព័ន្ធអាវុធប្រឆាំងមីស៊ីលមកឱ្យអ៊ុយក្រែនជាបន្ទាន់។ លោកបន្ថែមថា មីស៊ីល របស់រុស្ស៉ី បាន និងកំពុងផ្ដាច់យកជីវិតទាហានជាច្រើន និងទម្លុះប្រព័ន្ធការពាររបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទាហានរុស្ស៉ី កំពុងបង្កើនការវាយលុកយ៉ាងខ្លាំងនៅក្នុងតំបន់ដុនបាស់ (Donbas) ហើយអ៊ុយក្រែនបានអំពាវនាវដល់លោកខាងលិច ឲ្យបង្កើនការផ្តល់សព្វាវុធធុនធ្ងន់ បន្ថែម ខណៈការស្នើសុំនេះនឹងក្លាយជាប្រធានបទដ៏សំខាន់ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិណាតូ (NATO) នៅទីក្រុងព្រុចសែល (Brussels) នាថ្ងៃពុធសប្ដាហ៍នេះ៕