(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ អោយដឹងថា អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាករណីឆ្លងជំងឺ អុតស្វា (monkeypox) ច្រើនជាង ១,០០០ករណីហើយ ត្រូវបាន រាយការណ៍នៅតាមប្រទេស ក្រៅតំបន់អាហ្រ្វិក ជាទីដែលជំងឺមួយនេះឆ្លងរាលដាលជាទូទៅ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានបញ្ជាក់ថាករណីឆ្លងជំងឺ អុតស្វា ត្រូវបានរាយការណ៍នៅតាមប្រទេសដែលមិនធ្លាប់រកឃើញជំងឺនេះក៏ពិតមែន តែមកទល់ នឹងពេលនេះ ជំងឺឆ្លងមួយនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រង និងអាចបង្ការបានតាមរយៈការរក្សា អនាម័យជាប្រចាំ។
លោកបន្ថែមថាមានប្រទេសចំនួន ២៩ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ចាប់តាំងពីខែ ឧសភាមក និងមិនមានសេចក្ដីរាយការណ៍ពី អ្នកស្លាប់ដោយសារជំងឺនេះទេ។
គួរបញ្ជាក់ថា បើតាមប្រមុខអង្គការ WHO ករណីជំងឺអុតស្វាច្រើនជាង ១,៤០០ករណី ត្រូវបានរាយ ការណ៍នៅក្នុងតំបន់អាហ្វ្រិកក្នុងឆ្នាំ២០២២ នេះ ហើយក្នុងនោះមាន ៦៦នាក់បានស្លាប់៕