កងទ័ពរុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង Sievierodonetsk


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា អភិបាលតំបន់លូហាន់របស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃពុធ សប្ដាហ៍នេះថា កងទ័ពអ៊ុយក្រែនបានដកថយទៅកាន់តំបន់ជាយក្រុងនៃ ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) បន្ទាប់ពីប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៉ី ដែលកំពុងផ្ដោតលើ សមរភូមិតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។

លោក ស៊ែរហ៊ី ហ្កៃដៃ (Serhiy Gaidai) អភិបាលតំបន់លូហាន់កាលពីសប្ដាហ៍មុន បានអះអាងថា កងទ័ពអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្ស៉ី ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន។ ប៉ុន្តែ លោក ផ្ទាល់នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ថាតំបន់ភាគច្រើននៃទីក្រុង Sievierodonetsk បាន ធ្លាក់ចូលក្នុងដៃកងទ័ពរុស្ស៉ី។ លោក Gaidai បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងរបស់យើង បច្ចុប្បន្ន កំពុងគ្រប់គ្រងតែលើតំបន់ជាយក្រុងនៃ ទីក្រុង Sievierodonetsk តែប៉ុណ្ណោះ។ តែទោះជាបែបនេះក្ដី ការវាយប្រយុទ្ធតស៊ូនៅតែបន្តធ្វើឡើង»

សូមជម្រាបថា បើតាមលោក ស៊ែរហ៊ី ហ្កៃដៃ បច្ចុប្បន្ន កងទ័ពរុស្ស៉ីមានបរិក្ខារយោធាច្រើនជាង កងទ័ពអ៊ុយក្រែន ១០ដង នៅតាមផ្នែកខ្លះនៃទីក្រុង Sievierodonetsk ដូច្នេះហើយ អ៊ុយក្រែន រំពឹងថាបណ្ដាប្រទេសលោកខាងលិចនឹងពន្លឿន និងបង្កើនការបញ្ជូនអាវុធមកឱ្យកងទ័ពរបស់ខ្លួន៕