ប្រមុខការពារជាតិកម្ពុជា៖ សង្គ្រាមនៅអ៊ុយក្រែន កំពុងធ្វើឱ្យពិភពលោក ឈានចូលរបត់ថ្មីមួយនៃ ការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ


 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យពិភពលោក ឈានចូលទៅរបត់ថ្មី មួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ និងធ្វើឱ្យរដ្ឋ តូចៗ ត្រូវធ្វើការជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារ ឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន ក៏បានបង្កបរិយាកាសសន្តិសុខ សកលមានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និងអាចបង្កគ្រោះ ថ្នាក់ដោយគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត ជាពិសេសបច្ច័យអវិជ្ជមាន ការងើបឡើង​វិញនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។

«ជាមួយគ្នានេះសង្គ្រាមនេះបានបង្ហាញច្បាស់ពីការវិលត្រឡប់មកវិញនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងធ្វើឱ្យពិភពលោក ឈានចូលទៅរបត់ថ្មីមួយ​នៃការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ និងធ្វើឱ្យរដ្ឋតូចៗ ត្រូវធ្វើការជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ»។ នេះជាការគូសបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា។

សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានអូសអន្លាយរយៈពេលជាង១០០ថ្ងៃមកហើយ ដោយកងទ័ពរុស្ស៉ី កំពុង បង្កើនការវាយលុកនៅតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលពួកបច្ចិម ប្រទេស បានបញ្ជូនអាវុធជាច្រើនសន្ធឹកសន្ធាប់ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដើម្បីតទល់នឹង រុស្ស៉ី ក្នុងនោះមានទាំងប្រព័ន្ធមីស៊ីលចម្ងាយមធ្យមផងដែរ។

ទោះបីជាសង្គ្រាមនេះស្ថិតនៅក្នុងព្រំដែនអឺរ៉ុបខាងកើត ដែលមិនទាន់ចូលទឹកដីណាតូ ប៉ុន្តែក្រុមអ្នក វិភាគនយោបាយ បានលើកឡើងថា សង្គ្រាមនេះមិនមែនត្រឹមតែជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននោះទេ ប៉ុន្តែវាជាសង្គ្រាមរវាងមហាអំណាចរុស្ស៉ី និងណាតូ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តបានកៀរគរ កម្លាំងសម្ព័ន្ធមិត្តដាក់សម្ពាធ និងទណ្ឌកម្មនានាលើរុស្ស៉ី។

កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេច ចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅ ប្រទេសអ៊ុយក្រែន និងបានស្ថិតក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និង​ទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោល ជំហរបោះឆ្នោតប្រឆាំង នឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយចាត់ទុកថា ករណីនេះជា​ការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោកផងដែរ៕