ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី៧ ខែ មិថុនា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា អាជ្ញាធរអាមេរិកបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា យន្ត ហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលបណ្តាលឱ្យអាកាសយានិកម្នាក់ បាត់បង់ជីវិត។

កងទ័ពជើងទឹកអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ពីឡុតឈ្មោះ រីឆាដ ប៊ូលឡក់ (Richard Bullock) ដែលឈរជើងនៅមូលដ្ឋានយោធា ក្នុងទីក្រុងលេម័រ (Lemoore) នៃរដ្ឋ California បានស្លាប់ នៅពេលដែលយន្តហោះចម្បាំងធុន F/A-18-E Super Hornet របស់លោក បានធ្លាក់នៅបរិវេណតំបន់ត្រូណា (Trona) នាវេលាម៉ោងប្រហែល ២៖៣០នាទីរសៀលថ្ងៃសុក្រ សប្តាហ៍មុន (ម៉ោងក្នុងតំបន់នៅសហរដ្ឋអាមេរិក)។

យោងតាមប្រភពខាងលើគឺ លោក Bullock ស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺនជាប្រចាំមួយ មុនពេល ដែលយន្តហោះលោកធ្លាក់ ខណៈហេតុការណ៍នោះ មិនបានបង្កឱ្យមានជនស៊ីវិលណាម្នាក់រងគ្រោះ ថ្នាក់ឡើយ ដ្បិតវាកើតឡើងនៅកន្លែងដាច់ស្រយាល គ្មានមនុស្សរស់នៅ ក្បែរតំបន់សម្រាប់ការ ហ្វឹកហ្វឺនរបស់ពីឡុតអាមេរិក។ ជាមួយគ្នានេះ ការស៉ើបអង្កេតក៏បានប្រព្រឹត្តទៅផងដែរ៕