ចិន ព្រមានអូស្ត្រាលី ពីផលវិបាកធ្ងន់ធ្ងរ ក្រោយហេតុការណ៍ ស្ទាក់យន្ដហោះយោធា


 (ប៉េកាំង)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ គឺ ចិន នៅថ្ងៃចន្ទ បានព្រមានឱ្យប្រទេសអូស្ត្រាលី ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន បើពុំដូច្នោះទេ អាចនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីទីក្រុងកង់បេរ៉ា ចោទប្រកាន់ ងថាយន្ដហោះចម្បាំងចិនមួយគ្រឿងបានហោះស្ទាក់យន្ដហោះឈ្លបយកការណ៍មួយគ្រឿងរបស់ខ្លួន ប្រកបដោយ គ្រោះថ្នាក់នៅឯតំបន់សមុទ្រចិនខាងត្បូង។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានគូសបញ្ជាក់ដូច្នេះថា «ចិន ជាថ្មីម្ដងទៀត ជំរុញឱ្យអូស្រ្តាលីគោរពផលប្រយោជន៍សន្តិសុខ ជាតិ និងប្រយោជន៍ស្នូលរបស់ចិន ហើយធ្វើសកម្មភាព និងនិយាយស្ដីដោយការប្រុងប្រយ័ត្ន ដើម្បី បញ្ចៀស ការយល់ច្រឡំដែលអាចបង្កទៅជាផលវិបាកធ្ងន់ធ្ងរ»។ លោក ចៅ លីជៀន បន្ថែមថាចិន នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយបំពានអធិបតេយ្យភាព និងសន្តិសុខរបស់ចិន នៅក្រោមលេស សេរីភាពនៃការធ្វើនាវាចរណ៍ ឬហោះហើរជាដាច់ខាត៕