(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយនៅលើ បណ្ដាញសង្គម Facebook និងបានកត់សម្គាល់ថា «មេរៀនពីការឆ្លងកាត់ និងគ្រប់គ្រងវិបត្តិកូវីដ១៩ នាំមកនូវសាមគ្គី ឯកភាព និងការស្រុះស្រួលគ្នាជាធ្លុងមួយ ក្នុងនាមប្រជាជាតិខ្មែរ»។
ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងទៀតថា ការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឲ្យ កម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ចំពោះ សមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ១៩របស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជា ដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារថ្មី។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី ដែលបានបង្ហោះនៅលើបណ្ដាញសង្គម៖
«រីករាយទិវាកុមារអន្តរជាតិ! បន្ទាប់ពីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ បន្ទាប់ឆ្លង កាត់ពីវិបត្តិនៃជំងឺកូវីដ១៩ ថ្ងៃនេះ ប៉ាត្រូវរៀបចំកម្មវិធីខួបកំណើតឲ្យកូនៗដោយផ្ទាល់ តែដោយសារ ការបោះឆ្នោតជិតមកដល់ ប៉ាសូមអធ្យាស្រ័យ ដោយមិនបានចូលរួមដូចសព្វមួយដង ហើយប៉ា សង្ឃឹមថាយើងនឹងអាចបានជួបគ្នាឆាប់ៗ ។
ក្នុងមួយជីវិតខ្ញុំ ជាង៤០ឆ្នាំ ជំងឺកូវីដ-១៩ ជាវិបត្តិដែលជះឥទ្ធិពលលើគ្រប់ទិដ្ឋភាព គ្រប់ទិសទីនៅ កម្ពុជា ដែលខ្ញុំមិនធ្លាប់ជួបប្រទះនៅកម្ពុជា (ខ្ញុំមិនបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយការប៉ះ ទង្គិចថ្ងៃ៥-៦ កក្កដា ដែលកងកម្លាំងខ្មែរក្រហមបានឃុបឃិតជាមួយគណបក្សមួយ បង្កឲ្យមានការ វ៉ៃគ្នានៅភ្នំពេញ ឬព្រឹត្តិការណ៍ប្រាសាទព្រះវិហារ តាមាន់ តាក្របី ចន្លោះ ២០០៨-២០១២ ដែល ស្ថានភាពតានតឹង កើតនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ឧត្តរមានជ័យ ជាដើម។)
ការរីករាលដាលជំងឺកូវីដ-១៩នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសកលលោកទាំងមូល ជាពិសេស ក្រោយព្រឹត្តិការណ៍ ២០កុម្ភៈ ជំងឺដ៏កាចសាហាវនេះ បានប៉ះពាល់មកលើកម្ពុជា ទាំងលើបញ្ហាសុខ ភាពសាធារណៈ ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ គ្រប់រូបទាំងឪពុក ម្ដាយ យាយ តា ក្មេងៗ ពេល ខ្លះដល់ អាយុជីវិតរបស់សមាជិកគ្រួសារ បន្ថែមពីលើការប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល។
ចំពោះកម្ពុជា សមត្ថភាព និងការគ្រប់គ្រងជំងឺកូវីដ អាចចែកចេញជា ២ ដំណាក់កាល៖ ១៖ ទប់ស្កាត់ការរីករាលដាល ការពារអាយុជីវិតរបស់ប្រជាជនក្នុងអំឡុងពេលដែល រាជរដ្ឋាភិបាល មិនមាន វ៉ាក់សាំង និង ២.) ក្នុងពេលមានវ៉ាក់សាំង រាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្ត ផ្ការីក ចាក់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងមនុស្សធំ និងកុមាររហូតបង្កើតបានភាពស៊ាំសហគមន៍ និងបើកសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ សិស្សានុសិស្ស កុមារា កុមារីបានចូលរៀនដោយ ផ្ទាល់ជាថ្មី និងឈានជាបន្តបន្ទាប់មករកប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃ។
គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ អត្រាឆ្លងនៅកម្ពុជាមានចំនួន ១៣៣ ២០១នាក់ និង ស្លាប់ ៣ ០៥៦នាក់ ដែលជាការសោកស្ដាយយ៉ាងពន់ពេកចំពោះការបាត់បង់អាយុជីវិត។ ទោះយ៉ាងណាក្ដី បើប្រៀបធៀបប្រទេសដទៃ យើងទទួលបានជោគជ័យខ្ពស់ក្នុងការការពារអាយុ ជីវិត ប្រជាពលរដ្ឋកម្ពុជា ដោយទប់ស្កាត់បានការស្លាប់ពីជំងឺកូវីដ-១៩ ជាអតិបរមា។
លទ្ធផលដែលយើងសម្រេចបាន គឺចេញពីសាមគ្គី ឯកភាព ការយោគយល់ ពួនដៃគ្នា ស្មាកៀកស្មា ជាសង្គមជាតិតែមួយ។ ក្នុងនោះភាពហ្មត់ចត់ បទពិសោធន៍ ភាពទទួលខុសត្រូវ និងដាក់អាទិភាព ខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។
ការជឿជាក់ ការលះបង់ និងការចូលរួមរបស់គ្រប់ក្រសួង ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ដោយប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដូចគ្នា។ អ្នកទាំងអស់គ្នា បានពុះពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការគ្រប់គ្រងមុខសញ្ញា វិជ្ជមានជំងឺកូវីដ-១៩ ពីដើមទី ការព្យាបាល ការសង្គ្រោះអ្នកជំងឺដែលមានលក្ខណៈធ្ងន់ធ្ងរ ហើយបន្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ថែមទៀត។
ក្នុងនោះដែរ ការអត់ធ្មត់ ការយោគយល់ ការជឿជាក់ និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺពិតជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការឆ្លងកាត់វិបត្តិកូវីដ-១៩ ជាពិសេសក្នុងដំណាក់កាលដ៏លំ បាកចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតដល់ពេលនេះ ដែលធ្វើឲ្យស្ថានភាពសង្គម សេដ្ឋកិច្ច កាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ទោះយ៉ាងណាក្ដី យើងមិនអាចបំភ្លេចបាននូវអ្វីដែលបានកើតឡើងក្នុងដំណាក់កាល ២ ឆ្នាំ នៃការ វាយប្រហាររបស់ជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ មុនវ៉ាក់សាំង និងមុនមានភាពស៊ាំសហគមន៍ យើងគ្រប់ៗគ្នា ក្រុមគ្រួសារនីមួយៗ តែងតែគិតគូរ បារម្ភ ថាតើជំងឺកូវីដ-១៩ នឹងអាចឆ្លងក្រុមគ្រួសារ របស់យើងទេ? ក្នុងនោះតើធ្វើយ៉ាងណាចំពោះគ្រួសារខ្លះដែលមានសមាជិកឆ្លង ហើយ គ្រួសារខ្លះ ទៀតក៏បានបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនដោយជំងឺដ៏កាចសាហាវនេះ៕