សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីទណ្ឌកម្ម UN ដ៏ធ្ងន់ធ្ងរ បើហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ


 (យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២ គឺប្រាប់ថា សហរដ្ឋអាមេរិក បានព្រមានថាខ្លួននឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ ទណ្ឌកម្មអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរបន្ទាប់ពីសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្មមួយរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ កាលពីសប្ដាហ៍មុន។

អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ធ្វើការព្រមានខាងលើ នៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មាន ថាតើសហរដ្ឋអាមេរិកនឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្ម នៅឯក្រុមប្រឹក្សាសន្តិសុខ UN ដែរឬទេ ប្រសិនបើ កូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «រឿងដំបូងគេ នោះគឺយើងត្រូវពង្រឹង ការអនុវត្តទណ្ឌកម្មដែលមានស្រាប់ ហើយជាការពិតណាស់ យើងបានព្យាយាមសម្រេចឱ្យបាននូវ ដំណោះស្រាយចុងក្រោយនេះ ក៏ដូចជានឹងជំរុញកញ្ចប់ទណ្ឌកម្មបន្ថែមនៅពេលអនាគត»

សូមជម្រាបថា មកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅតែជឿជាក់ថាកូរ៉េ ខាងជើងកំពុងរៀបចំត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើក ដំបូងចាប់តាំងពីឆ្នាំ២០១៧មក បើទោះ ជាទីក្រុងព្យុងយ៉ាងមិនបានធ្វើតេស្ដកំលុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់តំបន់ អាស៊ីកាលពីខែឧសភា កន្លងទៅ ដូចការព្រួយបារម្ភរបស់ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក៏ដោយ៕