(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាង សហគមន៍ អាស៊ាន ឲ្យកាន់តែប្រសើរឡើង។ ការប្តេជ្ញានេះធ្វើឡើងដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសិក្ខាសាលាស្តីពី «ការរួមចំណែករបស់ កម្ពុជា នៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខណៈដែលអាស៊ានប្រារព្ធខួបលើកទី៥៥ កម្ពុជា មានការលើកទឹកចិត្ត និងបំផុសគំនិតឲ្យខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន។ ក្រោមមូលបទអាស៊ានដោះស្រាយបញ្ហាប្រឈមរួមគ្នា (ASEAN A.C.T) យើងមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ចាំបាច់ត្រូវតែពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះភាព ជាកណ្តាលឯកភាព និងសាមគ្គីភាពរបស់អាស៊ាន»។
ឯកឧត្តម បន្តថា វាមានសារៈសម្រាប់អាស៊ាន ក្នុងការពង្រឹងស្មារតីរួមគ្នារបស់ខ្លួន ប្រសិនបើយើង ដោះ ស្រាយបញ្ហាប្រឈមសំខាន់ៗរបស់យើងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសន្តិភាព សន្តិសុខនិង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងពិភពលោក។
បើតាមឯកឧត្តម ប្រាក់ សុខុន កម្ពុជាបានក្លាយជាសមាជិកទី១០ និងចុងក្រោយគេបង្អស់ ដែលបាន ចូលជាសមាជិកគ្រួសារអាស៊ាន នៅឆ្នាំ១៩៩៩ ដែលជាការកត់សម្គាល់នូវសមិទ្ធផលគោលនយោ បាយការបរទេសដ៏វិសេសវិសាលមួយរបស់ខ្លួន ទាក់ទងនឹងសមាហរណកម្មតំបន់និងពហុភាគី និយម។ ឯកឧត្តម បានបន្តទៀតថា ចាប់តាំងពីពេលនោះមកឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត របស់កម្ពុជា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បានជាប់ លាប់ និងឥតឈប់ឈរ៕