ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ លើសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្ម កូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក


 (យូអិន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែ ឧសភា ឆ្នាំ២០២២ បានអោយដឹងថា ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោត វ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើ កូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។

នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោត គាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំ ចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស (Lazarus) ដែលមានទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ទៅក្នុងបញ្ជីខ្មៅផងដែរ។

អគ្គរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានហៅការបោះឆ្នោតខាងលើ គឺជាថ្ងៃដ៏គួរឱ្យ សោកស្ដាយសម្រាប់ក្រុមប្រឹក្សាសន្តិសុខ ជាមួយការ សង្កត់ធ្ងន់ថាពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ពិតប្រាកដពីសំណាក់កូរ៉េខាងជើង ហើយ​ថាការនៅស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខនឹងមិនអាចលុបបំបាត់ ឬកាត់បន្ថយការគំរាមកំហែង​នេះបានទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ៣គ្រាប់ ក្នុងនោះមាន មួយគ្រាប់ត្រូវបានគេជឿជាក់ជាមីស៊ីលផ្លោងអន្តរទ្វីប ICBM តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ ប្រធា នាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចប់ការបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី៕