គ.ជ.ប សម្រេចពន្យារពេល ដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចពន្យារពេលចំនួន៣ ថ្ងៃទៀត សម្រាប់ការដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមលិខិតដែលទទួលបាននៅពេលនេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើស រើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យ សុំចុះ ឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ អាស្រ័យ ដោយហេតុថា មានសំណូមពរពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានស្នើសុំមក គ.ជ.ប ឱ្យពន្យារពេលនៃការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដោយមូលហេតុសាមី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រៀបចំអ្នកសង្កេតការណ៍របស់ខ្លួនមិនបានទាន់ពេលវេលា។

គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងគោលបំណងឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានឱកាស បានដាក់អ្នក សង្កេតការណ៍របស់ខ្លួន ចូលរួមសង្កេតការណ៍មើលដំណើរការនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គ.ជ.ប បានសម្រេចពន្យារពេលនៃការដាក់ និងការទទួល ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០ នាទី។

អាស្រ័យហេតុនេះ គ.ជ.ប បានអំពាវនាវឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រាប និងយក ចិត្តទុកដាក់ អនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានតម្លាភាព៕