មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលរួមវេទិកាស្ដីពី «កម្មវិធី ដាក់ឱ្យអនុវត្ត គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត»


 (កំពត)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សាលាខេត្តកំពត និងអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ទេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀប ចំវេទិកាស្ដីពីកម្មវិធី ដាក់ឱ្យអនុវត្ត «គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង ខេត្តកំពត» ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ឆម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត និងមានសមាជិកចូលរួមជា តំណាងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងសិស្សា នុសិស្ស មកពីវិទ្យាល័យចំនួន៥ ក្នុងខេត្តកំពត និងខេត្តកែបប្រមាណ៧០០នាក់។

ក្នុងឱកាសបើកវេទិកាឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ឆម គាតរិទ្ធី បានលើកបញ្ជាក់ថា ដើម្បីឲ្យ សម្រេចបានការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក លើផ្នែកធនធានមនុស្សក្នុងវិស័យវិទ្យា សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) គឺពិតជាមានសារៈសំខាន់ណាស់ ដែលក្រ សួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីបង្កើនការចុះឈ្មោះចូលរៀន ជារួម ក្នុងវិស័យ STEM ទាំងក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានបង្កើតផែនទីបង្ហាញ ផ្លូវវ ន.ប.កម្ពុជា២០៣០ ដែលបានកំណត់យ៉ាងច្បាស់ អំពីសសរស្តម្ភប្រាំរួមមាន៖

*ទី១៖ អភិបាលកិច្ច
*ទី២៖ ការអប់រំ
*ទី៣៖ ការស្រាវជ្រាវនិងអភិវឌ្ឍ
*ទី៤៖ កិច្ចសហការ
*ទី៥៖ ប្រព័ន្ធអេកូឡូស៊ី។

សកម្មភាពគន្លឹះដ៏ចម្បងមួយក្នុងចំណោម សកម្មភាពជាច្រើនទៀតក្នុងផែនទីបង្ហាញផ្លូវនេះ គឺក្នុង គោលដៅនៅត្រឹមឆ្នាំ២០៣០ ត្រូវមាននិស្សិត សកលវិទ្យាល័យ៥០បញ្ចប់ការសិក្សាក្នុងជំនាញ​ភាគរយSTEM ក្នុងនោះ៤០%ជាស្ត្រី។

ដូច្នេះកម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្ត កំពត» នាថ្ងៃនេះ ពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការជំរុញការ អភិវឌ្ឍ ឲ្យសម្រេចបាននូវចក្ខុវិស័យ សម្រាប់ប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ឆម គាតរិទ្ធី បានបន្តឱ្យដឹងទៀតថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង «គម្រោងពង្រឹងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត» នាពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វ ផ្សាយពីការងារសកម្មភាព និងលទ្ធផលរំពឹងទុកពីគម្រោងនេះក៏ដូចជាការជំរុញនិងបណ្តុះគំនិត និងការទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ក្នុងការជ្រើសរើសយកការសិក្សា STEM ហើយសង្ឃឹមថា ការអនុវត្តគម្រោងមួយនេះនៅខេត្តកំពត ជាគំរូមួយ ដែលអាចយកទៅអនុវត្ត នៅ បណ្តាខេត្តផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាព និងលើកតម្កើងគុណតម្លៃនៃធនធានមនុស្ស ក្នុងវិស័យ STEM ក្នុងការប្រកួតប្រជែងថ្នាក់តំបន់ និងពិភពលោក។

សូមបញ្ជាក់ថា កម្មវិធីដាក់ឱ្យអនុវត្ត «គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត» ស្ថិតក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានវិទ្យាសាស្រ្តបច្ទេកវិទ្យានិងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ជាមួយស្ថានទូតឥណ្ឌាប្រចាំប្រទេស កម្ពុជា។

គម្រោងនេះក្នុងគោលបំណងធំៗ ពីរគឺ រួមមាន៖

*ទី១៖ ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ STI នៅខេត្តកំពត តាមរយៈការណែនាំ អប់រំ STI-STEM ទៅដល់គ្រូបង្រៀន STEM
*ទី២៖ លើកកម្ពស់ការអប់រំ STEM និង ឱកាសដល់សិស្សានុសិស្ស ដែលមានវាគ្មិនអ្នកវិទ្យាសាស្ត្រ មកពីស្ថាប័នសំខាន់ៗចែករំលែកនិងផ្ដល់បទពិសោធន៍ ចំណេះដឹង និងការសិក្សារបស់ពួកគាត់ទាក់ ទងនឹង STEM ក៏ដូចជាការជំរុញលើកទឹកចិត្ត និងបណ្តុះគំនិតទាក់ទាញនូវចំណាប់អារម្មណ៍របស់ សិស្សានុសិស្ស ក្នុងការជ្រើសរើសយកការសិក្សា STEM ផងដែរ៕