(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួប ពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នៅទីស្តីការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
គណៈប្រតិភូខាងលើ ដឹកនាំដោយលោកអនុប្រធានជាន់ខ្ពស់ Michael W. Michalak អមដោយ ប្រតិភូតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅកម្ពុជា និងតំណាង ក្រុមហ៊ុនអាមេរិកល្បីៗ រួមមាន៖ Amazon Web Service (AWS), Meta, Visa, Ford, RMA Group, ConocoPhillips, Pernod Ricard, Philip Morris និង Roche។
ជំនួបពិភាក្សានេះ មានគោលដៅសំខាន់ដើម្បីស្វែងយល់អំពីកាលានុវត្តភាព និងគោលនយោបាយ អាទិភាពរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណង ពង្រឹងទំនាក់ទំនង និងជំរុញ ឲ្យក្រុមហ៊ុនអាមេរិក ចូលមកដាក់ទុនវិនិយោគលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងប្រៃសណីយ៍ នៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈ ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់កិច្ចសហការកន្លង មក។ ឯកឧត្តម បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងរយៈពេលជាងមួយឆ្នាំក្រោយ នេះដែលរួមមាន ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ដែលសុទ្ធ សឹងជាធាតុផ្សំសំខាន់ៗ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ពីឱកាសវិនិយោគនៅកម្ពុជាសម្រាប់អាមេរិក ជាពិសេសលើវិស័យទូរគមនាគ មន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ស្របតាមផែនការអាទិភាពចែង ក្នុងគោលនយោបាយ រដ្ឋាភិបាលឌីជីថល និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។
លោក Michael W. Michalak បានកោតសរសើរដល់កម្ពុជា លើជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការធ្វើជាប្រធានអាស៊ាន របស់កម្ពុជាក្នុងឆ្នាំ២០២២នេះ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រេច បាន ក្នុងរយៈពេលចុងក្រោយនេះ ព្រមទាំងសម្តែង នូវឆន្ទៈ ក្នុងការសហការ ជាមួយក្រសួង តាម រយៈការផ្ដល់ធាតុចូលលើសេចក្តីព្រាងច្បាប់ និងកម្មវិធីពង្រឹងសមត្ថភាព ផ្នែកបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕