(ភ្នំពេញ)៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២២នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ដល់នាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា វត្តមានចូលរួមដ៏ច្រើនកុះករ របស់លោក លោកស្រី ជាមន្រ្ដីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត នេះគឺជាការបង្ហាញនូវ ការលើកទឹកចិត្ត យ៉ាងក្លៀវក្លា និងផ្ដល់ភាពកក់ក្ដៅយ៉ាងក្រៃលែងដល់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្ដ ពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្ដេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើក កម្ពស់អភិបាលកិច្ចល្អនៃវិស័យព័ត៌មាន ក្នុងកិច្ចការពារសន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ឯកឧត្តម បានបន្ដថា កិច្ចប្រជុំ ស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ប្រព្រឹត្តទៅរយៈ ពេល ១ថ្ងៃពេញនេះ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធ សាស្រ្ដរួមដែលជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ច ល្អលើវិស័យព័ត៌មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុស ព័ត៌មានឲ្យចូលទៅកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍នៃមតិសាធារណៈ។
បើតាមឯកឧត្តម ផៃ ស៊ីផាន នេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយកែទម្រង់មុត ស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីថែរក្សាតុល្យភាព ដែលបង្កឡើង ដោយជនដែលមាននិន្នាការ អាស្រ័យដោយព័ត៌មានមានល្បឿនលឿន និងរហ័ស ជាមួយនឹងនិន្នា ការនយោបាយ ដែលជាផលប្រយោជន៍ នៃអ្នកផលិត ក៏ដូចជាប្រជាពលរដ្ឋ ដែលអាចទទួលបាន ព័ត៌មានពិត ឬព័ត៌មានក្នុងហេតុផលនយោបាយ។
ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ គឺជាការបង្ហាញចេញនូវ ដំណោះស្រាយនៃបញ្ហាប្រឈមនានា តាមរយៈដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោ ល (រលកអាកាស,វិទ្យុ)។ នៅក្នុងនេះដែរ ការរៀបចំ និងថែរក្សានូវព័ត៌មាបប្រកបដោយសុចរិត និងផលប្រយោជន៍ សម្រាប់សង្គមជាតិ ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោក សាយ សំអាល់ ក៏បានរៀបចំអង្គភាពព័ត៌មានទាំងយន្តការ និងខ្លឹមសារព័ត៌មាន ដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅ ប្រទេស ទទួលបានប្រកបដោយប្រជាប្រិយភាព និងការចូលរួមដោយប្រសិទ្ធភាព។ នេះគឺជាការវាយតម្លៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនាញវិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តម ផៃ ស៊ីផាន បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំរយៈពេល១ថ្ងៃពេញនេះ នឹង ទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សា ការពារសុចរិតភាព នៃផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈក៏មុះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា៕