ប្រមុខ UN ស្នើឱ្យលោក ពូទីន និងលោក ហ្សេលេនស្គី ស្វាគមន៍រូបលោកក្នុងកិច្ចពិភាក្សាស្វែង រកសន្តិភាព

 (យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ បញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) បានស្នើសុំប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានា ធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យទទួលស្វាគមន៍រូបលោក ដើម្បីចូលរួមពិភាក្សាអំពី ជំហានដែលនាំមកនូវ សន្តិភាព បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីមកលើអ៊ុយក្រែន។

អ្នកនាំពាក្យអគ្គលេខាធិការ UN លោក ស្ទេហ្វិន ឌូហ្សារីក (Stephane Dujarric) បាននិយាយថា លិខិតស្នើសុំដាច់ដោយឡែកពីគ្នាត្រូវបាន ប្រគល់ទៅឱ្យបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៉ី និងអ៊ុយ ក្រែនកាលពីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ ដោយស្នើសុំឱ្យលោកពូទីនទទួលស្វាគមន៍ លោក Guterres នៅទីក្រុងមូស្គូ និងលោក ហ្សេលេនស្គី ទទួលនៅទីក្រុងកៀវ។

លោក Dujarric បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «អគ្គលេខាធិការ UN បាននិយាយថានៅពេលដែលកំពុងជួបប្រទះ គ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ រូបលោកចង់ ពិភាក្សាអំពីជំហានបន្ទាន់ ដើម្បីនាំមកនូវសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងអនាគត នៃពហុភាគី និយម ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»